ក្រសួងសង្គមកិច្ច រៀបចំកិច្ចប្រជុំបណ្ដាញស្តីពី«ការកាត់បន្ថយហានិភ័យ និងបន្សុំាខ្លួនរបស់ជនមានពិការភាពចំពោះគ្រោះមហន្តរាយ ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងភាពរាំងស្ងួត»

ភ្នំពេញ៖ លោក យូ សុភ័ក្រ តំណាង ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតី មានមតិស្វាគមន៍ និងបើកកិច្ចប្រជុំស្តីពី«ហានិភ័យ និងបន្សុំាខ្លួនរបស់ជនមានពិការភាពចំពោះគ្រោះមហន្តរាយ ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងភាពរាំងស្ងួត» ដែលរៀបចំឡើងដោយអង្គការជនពិការកម្ពុជា ទទួលជំនួយមូលនិធិពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរាជាតិ (USAID) តាមរយៈអង្គការសង្គ្រោះកុមារអន្តរជាតិ (Save the Children International) ដែលមានសមាសភាពចូលរួមចំនួន ៧៥នាក់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ៖
១. ធ្វើបច្ចុប្បន្នភាពព័ត៌មាន ទាក់ទងនឹងបញ្ហាតម្រូវការជនមានពិការភាព មធ្យោបាយឆ្លើយតប និងដោះស្រាយ ចំពោះគ្រោះមហន្តរាយ រួមមានគោលនយោបាយ គោលការណ៍ណែនាំ យន្តការនៃសកម្មភាពការប្រែប្រួលអាកាសធាតុ ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (លេខាធិការដ្ឋានទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ)។
២. ស្វែករកវិធីសាស្រ្តនានា ដើម្បីកាត់បន្ថយហានិភ័យ និងការបន្សាំខ្លួន សម្រាប់ជនមានពិការភាព ចំពោះទឹកជំនន់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ភាពរាំងស្ងួត ការប្រែប្រួលអាកាសធាតុផ្សេងៗ។
៣. ដើម្បីប្រមូលសំឡេងសម្រាប់កិច្ចសន្ទនាថ្នាក់ជាតិ អំពីសកម្មភាពប្រែប្រួលអាកាសធាតុដោយគិតគូរពីបរិយាបន្នពិការភាព។

