ហ្វីលីពីន និងកូរ៉េខាងត្បូង បង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានឲ្យដឹង នៅថ្ងៃចន្ទ ទី៧ ខែតុលា ប្រទេសរបស់លោក និងកូរ៉េខាងត្បូងបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ខណៈដែលលោកបានជួបជាមួយសមភាគីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងឱកាសបំពេញទស្សនកិច្ច។
មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន រួមទាំងសមុទ្រចិនខាងត្បូង និងស្ថានភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ និងថាមពលនុយក្លេអ៊ែរ។
លោក Yoon Suk Yeol បានឲ្យដឹងថា ប្រទេសទាំងពីរនឹងពង្រឹងភាពជាដៃគូរបស់ពួកគេលើផ្នែកសន្តិសុខ ដោយកូរ៉េខាងត្បូងបានចូលរួមក្នុងកម្មវិធីទំនើបកម្មនៃយោធាហ្វីលីពីន។
លោក Yoon Suk Yeol បានបន្តថា មេដឹកនាំទាំងពីរបានយល់ព្រមរក្សាសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ រួមទាំងសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ដោយបន្ថែមថាពួកគេបានយល់ព្រមថាសហគមន៍អន្តរជាតិនឹងមិនអត់ឱនចំពោះកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឬអ្វីដែលគេហៅថាការបង្កហេតុដែលមិនប្រុងប្រយ័ត្ន។
លោក Yoon Suk Yeol នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីនៅថ្ងៃទី៨-៩ ខែតុលា មុននឹងទៅប្រទេសឡាវនៅថ្ងៃបន្ទាប់ ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់នៃថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងប្រទេសអាស៊ីមួយចំនួនទៀត។
