បេក្ខជន ៧២៩នាក់ មកពីបណ្តារាជធានី-ខេត្ត នឹងចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ បេក្ខជនចំនួន ៧២៩នាក់ (ស្រី ១៨៨នាក់) មកពីបណ្តារាជធានី-ខេត្ត ២៣/២៥ នៅទូទាំងប្រទេស បាន និងកំពុងមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងចាប់ផ្តើមនៅម៉ោង ១២:០០នាទីនេះ ព្រមទាំងមានវត្តមានសាច់ញាតិ បងប្អូន មិត្តភក្តិ អាណាព្យាបាល ក្នុងបំណងលើកទឹកចិត្ត និងរង់ចាំគាំទ្របេក្ខជនផងដែរ។
ទន្ទឹមនេះ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល មានការជួយសម្របសម្រួល ការពិនិត្យរកសំណៅឯកសារ និងផ្តល់ព័ត៌មាន ដោយយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) និងក្រុមការងារនៃអនុគណៈកម្មការជំនាញ។
គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ក៏បានរៀបចំភេសជ្ជៈ ទឹកពិសា និងនំ ក៏ដូចជារៀបចំទីតាំងសមរម្យជូនក្រុមគ្រួសារ បេក្ខជន អង្គុយសម្រាក និងរង់ចាំបេក្ខជននៅខាងក្រៅមណ្ឌលផងដែរ។
បេក្ខជន ៦នាក់ ក្នុងចំណោមបេក្ខជន ៧២៩នាក់ នឹងត្រូវបានជ្រើសរើសតាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដើម្បីចូលបម្រើការងារក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបានក្របខណ្ឌ“ក”។ មន្ត្រីដែលបានជ្រើសរើស នឹងទទួលបានមុខតំណែងជាមន្ត្រីរដ្ឋបាល ចំនួន ៣រូប នៃនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក, វិស្វករសំណង់ស៊ីវិល ចំនួន ១រូប និងស្ថាបត្យករ ចំនួន ១រូប នៃនាយករដ្ឋានផ្លូវលំជនបទ និងមន្ត្រីគ្រប់គ្រងបណ្តាញអ៊ីនធឺណែត ចំនួន ១រូប នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ៕

