រថភ្លើងដឹកអ្នកដំណើរជាង ៨០០នាក់បានក្រឡាប់នៅរុស្ស៊ី

បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរ និងវីដេអូពីកន្លែងកើតហេតុបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយបានក្រឡាប់បន្ទាប់ពីបានបុកជាមួយរថយន្តដឹកទំនិញនៅក្នុងតំបន់ Volgograd ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។
ក្បាលរថភ្លើងដឹកអ្នកដំណើរចំនួន២០ បានកំពុងធ្វើដំណើរពីទីក្រុង Kazan នៃសាធារណរដ្ឋ Tatarstan របស់ប្រទេសរុស្ស៊ីទៅកាន់ស្ថានីយ៍ Adler របស់ Sochi នៅពេលដែលឧបទ្ទវហេតុបានកើតឡើង។ អភិបាលតំបន់ Volgograd លោក Andrey Bocharov បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូរថភ្លើងចំនួនប្រាំបួនបានក្រឡាប់ លោកបានបន្ថែមថា អ្នកដំណើរប្រហែល ៨១៣នាក់នៅលើរថភ្លើង។
យោងតាមតួលេខផ្លូវការ មនុស្សសរុបចំនួន ៣០នាក់ រួមទាំងកុមារ ១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាងមួយរយនាក់ទៀតត្រូវបានគេនិយាយថាមានរបួសនិងស្នាមជាំ។ មិនទាន់មានរបាយការណ៍ពីការស្លាប់ណាមួយទេ។
អ្នកបើកបររថយន្តបានរួចជីវិត ប៉ុន្តែត្រូវគេរាយការណ៍ថា បានរងរបួសក្បាល និងជើងយ៉ាងធ្ងន់ធ្ងរ។
ផ្លូវដែករុស្ស៊ីបានអះអាងថា អ្នកបើកបររថយន្តដឹកទំនិញ KAMAZ បំពានយ៉ាងធ្ងន់ធ្ងរ ហើយបានបើកឡានឆ្លងកាត់ផ្លូវរថភ្លើងនៅពីមុខរថភ្លើងដែលជិតមកដល់ បើទោះបីជាមានសញ្ញាព្រមានក៏ដោយ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា រថភ្លើងកំពុងធ្វើដំណើរក្នុងល្បឿន ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអ្នកបើកបរបានប្រើហ្វ្រាំងសង្គ្រោះបន្ទាន់ ប៉ុន្តែការបុកគ្នាគឺជៀសមិនរួច។ ហើយការស៊ើបអង្កេតឧក្រិដ្ឋកម្មលើឧប្បត្តិហេតុនេះត្រូវបានចាប់ផ្តើម។
