បុរសម្នាក់បង្ហោះរូបកាំភ្លើងសម្ញែង លើបណ្ដាញសង្គមព្រោះតែចង់ល្បី ចុងក្រោយដៃជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្នួល ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់កែច្នៃដំឡើងកាំភ្លើងដោយគ្មានច្បាប់ នៅចំណុចអូរគុយ ស្ថិតនៅភូមិត្រពាំងល័ក្ខ ឃុំស្នួល ស្រុកស្នួល កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
យោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈាង គង់ អាយុ៣៨ឆ្នាំ ត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាងរួមមាន៖ កាំភ្លើងកែច្នៃចំនួន២ដើម (១ដើមប្រើប្រាស់កើត និង១ដើមទៀតប្រើប្រាស់មិនកើត) គ្រាប់ពិដាងកង់ចំនួន៣គ្រាប់, កាំបិតស្នៀត១, ជំពាមកៅស៊ូ១ និងទូរសព្ទម៉ាក ViVo ពណ៌ខ្មៅ១។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា នៅក្នុងអំឡុងឆ្នាំ២០២៣ រូបគេ បានកែច្នៃដំឡើងអាវុធវែងបានចំនួន២ដើម បន្ទាប់ពីកែច្នៃ និងដំឡើងរួច រូបគេបានរក្សាទុកប្រើប្រាស់ បាញ់សត្វនៅក្នុងចម្ការរបស់ខ្លួន និងបានថតរូបកាំភ្លើង បង្ហោះចូលទៅក្នុងគណនីហ្វេសប៊ុកឈ្មោះ បង គង់ស្រុកស្នួល ជាច្រើនលើកច្រើនសា ខណៈឃ្លីបវីដេអូ និងរូបភាពកាំភ្លើងពិត ដែលរូបគេបានយកមកបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

