ផ្ទះនិងផ្លូវមួយចំនួន នៅតាមបណ្តាស្រុក ក្នុងខេត្តព្រះវិហារ ទទួលរងការលិចលង់ដោយសារភ្លៀងធ្លាក់ខ្លាំង

ភ្នំពេញ៖ ផ្ទះនិងផ្លូវមួយចំនួនតាមបណ្តាស្រុកក្នុងខេត្តព្រះវិហារ ត្រូវជន់លិចដោយសារ មានភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ ជាច្រើនថ្ងៃ។
បណ្តាស្រុកក្រុងដែលទទួលរង ដោយជំនន់ទឹកភ្លៀង មានដូចជា ៖ ក្រុងព្រះវិហារ និងស្រុកឆែប ប៉ុន្តែអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បាននៅឡើយ នេះបើគិតត្រឹមរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ។
បើយោងតាមលោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា នាប៉ុន្មានថ្ងៃនេះខេត្តព្រះវិហារទាំងមូលមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យលិចផ្លូវ និងផ្ទះសម្បែងពលរដ្ឋមួយចំនួនដូចជានៅក្នុងក្រុងព្រះវិហារ និងឃុំកំពង់ស្រឡៅ១.ឃុំសង្កែ១ និងឃុំសង្កែ២ នៃស្រុកឆែប។
លោកបន្តថា ទោះជាយ៉ាងនេះក្តី អាជ្ញាធរមានវិធានការទប់ស្កាត់ កុំឱ្យមានការប៉ះពាល់ដល់ការរស់នៅនិងអាយុជីវិតរបស់ពលរដ្ឋ ដោយអាចនឹងបើកទ្វារទឹកទំនប់រក្សា និងជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ធំឱ្យត្រៀមការពារផងដែរ៕

