កម្លាំងជួយសង្គ្រោះជាច្រើននាក់ បន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 មួយគ្រឿង ក្រោយបាត់ដាននៅភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីម្សិលមិញ

ភ្នំពេញ៖ កម្លាំងជួយសង្គ្រោះជាច្រើននាក់ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 មួយគ្រឿង ក្រោយបាត់ដាននៅភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ។
នៅលើឧទ្ធម្ភាគចក្រ មិនទាន់មានមន្រ្តីណា អាចបញ្ជាក់ថាមានប៉ុន្មាននាក់នោះទេ បើទោះបីមានការផ្សាយនៅលើបណ្តាញសង្គមខ្លះក៏ដោយ តែបើបើយោងតាមផែនការហោះហើររបស់ទ័ពអាកាស បានបង្ហាញថា នៅលើឧទ្ធម្ភាគចក្រមួយគ្រឿងនេះមាន២រូប គឺលោក ស៊ុន ផ្លា ប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។
ឧទ្ធម្ភាគចក្រ ហោះចេញនៅវេលាម៉ោង១១ ថ្ងៃទី១២ ខែកក្កដា ហើយហោះត្រឡប់មកវិញនៅវេលាម៉ោង២រសៀលថ្ងៃដដែល ក្រោមរូបភាពហ្វឹកហ្វឺនផ្លូវឆ្ងាយឲ្យអាកាយានិក។
តែយ៉ាងណាក៏ដោយ សូមបន់ស្រន់ និងជូនពរកម្លាំងសង្គ្រោះរបស់យើងទាំងអស់ ទាំងកម្លាំងចូលទៅរុករកក្នុងព្រៃជ្រៅ និងកម្លាំងត្រៀមជួយសង្គ្រោះនៅខាងលើ។
សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ កាលពីម្សិលមិញពេលព្រឹក មានការលំបាកយ៉ាងខ្លាំង ដោយសារមេឃភ្លៀង និងចុះអ័ព្ទយ៉ាងក្រាក់។ សង្ឃឹមថានៅថ្ងៃនេះ ប្រតិបត្តិការនឹងធ្វើឡើង ដោយមិនមានឧបសគ្គច្រើនទៅចុះ ៕

