ឯកឧត្តម គង់ វិមាន ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន

ភ្នំពេញ៖ ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.អ.ក. និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កានាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការសហការធ្វើបទបង្ហាញពីក្រុមការងារបច្ចេកទេសគាំទ្រវិស័យរដ្ឋបាលទូទៅ នៃក្រសួងមុខងារសាធារណៈ ដឹកនាំដោយលោកជំទាវ តឹក កុស្សនា អគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័នជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ត្រៀមក្នុងការរៀបចំការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឱ្យបានទាន់ពេលវេលាស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ៕

