គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី លិខិតបទដ្ឋានជាតិ អន្ដរជាតិ លើការងារបង្ការទារុណកម្ម ឆ្នាំ២០២៤

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយ ស្ដីពី លិខិតបទដ្ឋានជាតិ អន្ដរជាតិ លើការងារបង្ការទារុណកម្ម និងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមអធិបតីភាព ឯកឧត្ដម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។
វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តមពាង ណារិទ្ធ អភិបាលរងខេត្ត ស្ថាប័នតុលាការ ពន្ធនាគារខេត្ត មណ្ឌលអប់រំកែប្រែទី៣ (ម៣) មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សមាជិក គ.ជ.ប.ទ អង្គការ OHCHR អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធសរុបចំនួន ២២៧រូប។
លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត សូមអរគុណដែលបានបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង តាមរយៈកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដោយបានចូលរួមចំណែក ធ្វើឱ្យការងារប្រឆាំងទារុណកម្ម កាន់តែទទួលបានសម្រេចជោគជ័យបន្ថែមទៀត។
លោកស្រី ម៉ារៀ ឌីអកណូ-Maria Diokno តំណាង អង្គការ OHCHR បានគូសបញ្ជាក់ផងដែរថា តាំងពីការចាប់ផ្តើមបង្កើតមក អង្គការសហប្រជាជាតិ តែងតែថ្កោលទោស ចំពោះអំពើទារុណកម្ម ថាជាទង្វើរអាក្រក់ក្រៃលែង និងជាបទល្មើស ក្នុងច្បាប់អន្តរជាតិ ហើយត្រូវបានហាមឃាត់យ៉ាងដាច់ខាត និងមិនអាចឲ្យមានអ្វីយកមកធ្វើជាសំអាង ក្នុងការប្រព្រឹត្តទង្វើនេះបាននោះទេ ទោះក្នុងការលៈទេសៈណាក៏ដោយ។
ថ្លែងនាឱកាសនោះ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានលើកឡើងថា មន្រី្តប្រតិបត្តិច្បាប់ ត្រូវអនុវត្តភារកិច្ចខ្លួន ឲ្យស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សអាចប្រើប្រាស់កម្លាំងបានតែក្នុងករណីចាំបាច់បំផុតសមហេតុផល។
ឯកឧត្តមប្រធាន គ.ជ.ប.ទ បានគូសបញ្ជាក់ថា ក្នុងន័យនេះ គឺដើម្បីទប់ស្កាត់បទល្មើស មិនឲ្យប្រព្រឹត្តិការញុះញុង ឬបណ្តោយឲ្យមានការធ្វើទារុណកម្ម ឬប្រព្រឹត្តិកម្ម ឬដាក់ទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ឬយកបទបញ្ជាថ្នាក់លើមកធ្វើជាលេសឡើយ។
ឯកឧត្តម នុត សាអាន បានបន្ថែមថា ត្រូវធានាឲ្យបាននូវការការពារពេញលេញដល់សុខភាព របស់ជនដែលស្ថិតក្នុងការឃុំឃាំងរបស់ខ្លួន ជាពិសេសត្រូវចាត់វិធានការភ្លាមៗតាមការចាំបាច់ ដើម្បីធានាបង្ការ និងឈានដល់ការលុបបំបាត់ទាំងស្រុង នូវអំពើទារុណកម្ម ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ៕

