សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចំពោះមរណភាពរបស់លោក ហេង ស៊ីវ៉ារ៉ូ ដែលត្រូវជាបងប្រុស

ភ្នំពេញ៖ សម្តេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ហេង ស៊ីវ៉ារ៉ូ ដែលត្រូវជាបងប្រុស។
នៅក្នុងសារលិខិតរំលែកមរណទុក្ខ មានខ្លឹមសារថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាទីរាប់អាន! ខ្ញុំ និងភរិយា មានសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងថា លោក ហេង ស៊ីវ៉ារ៉ូ ដែលត្រូវជាបងប្រុសរបស់ ឯកឧត្តម លោកបានទទួលមរណភាពកាលពីថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ និងភរិយា សូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ព្រោះថាការបាត់បង់ លោក ហេង ស៊ីវ៉ារ៉ូ គឺជាការបាត់បង់បងប្រុស ស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែល មាននូវព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះបងប្អូន ភរិយា កូនៗ និងចៅៗជាទីស្រឡាញ់ទាំងអស់ ហើយក៏ជា ការបាត់បង់ធនធានមនុស្សដ៏ល្អឆ្នើមមួយរូប ដែលតែងតែរួមចំណែកលើកស្ទួយសង្គមជាតិជារៀងរហូតមក។
ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ហេង ស៊ីវ៉ារ៉ូ សូមឆាប់ បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានពីខ្ញុំ និងភរិយា៕

