កិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័នរុស្ស៊ី-ចិនជាប់គាំង បន្ទាប់ពីរដ្ឋធានីប៉េកាំងទារថ្លៃខ្ពស់

ប៉េកាំង-មូស្គូ៖ ការប៉ុនប៉ងរបស់ស្តេចប្រេងរុស្ស៊ី ក្នុងការបញ្ចប់កិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័នដ៏ធំមួយជាមួយមិត្តចាក់ទឹកមិនលិច ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២លើសាកលលោកចិន ប្រឈមនឹងការរអាក់រអួកដោយសារការទាមទារមិនសមហេតុផលរបស់រដ្ឋធានីប៉េកាំងលើកម្រិតតម្លៃ និងការផ្គត់ផ្គង់។ នេះបើយោងតាមមនុស្សបីនាក់ដែលដឹងពីឫសគល់នៃបញ្ហានេះ។
ជំហរដ៏រឹងត្អឹងរបស់រដ្ឋធានីប៉េកាំង លើបំពង់បង្ហូរថាមពលស៊ីបេរី2 (Power of Siberia 2) គូសបញ្ជាក់ពីរបៀបដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានធ្វើឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពឹងផ្អែកកាន់តែខ្លាំងឡើងលើមេដឹកនាំចិនលោក ស៊ី ជីនពីង សម្រាប់ការគាំទ្រផ្នែកសេដ្ឋកិច្ច។ មនុស្សដែលដឹងពីបញ្ហានេះ បានទម្លាយឱ្យដឹងថា ចិនបានស្នើឱ្យរុស្ស៊ីបង់ប្រាក់ជិតស្មើនឹងតម្លៃក្នុងស្រុក ដែលឧបត្ថម្ភធនរបស់រុស្ស៊ី ហើយនឹងប្តេជ្ញាទិញតែផ្នែកតូចមួយនៃសមត្ថភាពប្រចាំឆ្នាំ ដែលបានគ្រោងទុកនៃបំពង់បង្ហូរប្រេង៥០ពាន់លានម៉ែត្រគូប។ ការអនុម័តសម្រាប់បំពង់បង្ហូរប្រេងនឹងផ្លាស់ប្ដូរជោគវាសនាដ៏អាក្រក់របស់ក្រុមហ៊ុន Gazprom ដែលជាកម្មសិទ្ធិផ្តាច់មុខនៃការនាំចេញឧស្ម័នរបស់រដ្ឋរុស្ស៊ី ដោយភ្ជាប់ទីផ្សារចិនទៅនឹងតំបន់ឧស្ម័នភាគខាងលិចប្រទេសរុស្ស៊ីដែលធ្លាប់ផ្គត់ផ្គង់នៅអឺរ៉ុប។
ក្រុមហ៊ុន Gazprom បានរងការខាតបង់ចំនួន៦,៩ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាចំនួនដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលយ៉ាងហោចណាស់មួយភាគបួននៃសតវត្សរ៍ ចំពេលការលក់ឧស្ម័នទៅកាន់ទីផ្សារអឺរ៉ុបធ្លាក់ចុះ។ ប្រភពពីមនុស្សពីរនាក់បានលើកឡើងថា ភាពជាប់គាំងគឺជាហេតុផលដែល លោក អាឡិចស៊ី មីលឡឺ (Alexei Miller) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Gazprom មិនបានចូលរួមជាមួយលោក ពូទីន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំរុស្ស៊ី ទៅកាន់រដ្ឋធានីប៉េកាំង។ មែនទែនទៅ កិច្ចព្រមព្រៀងស្តីពីបំពង់បង្ហូរប្រេងនេះ គឺជាសំណើសំខាន់មួយក្នុងចំណោមសំណើសំខាន់ៗចំនួនបី ដែលលោកពូទីនបានស្នើចំពោះលោក ស៊ី នៅពេលដែលបានជួបគ្នារវាងមេដឹកនាំទាំងពីរ។
ប្រភពខាងលើបន្ថែមថា រដ្ឋធានីប៉េកាំង និងរដ្ឋធានីមូស្គូ កំពុងពិភាក្សាគ្នាអំពីការបង្កើតធនាគារមួយ ឬច្រើនដែលនឹងផ្តល់ហិរញ្ញប្បទានដល់ពាណិជ្ជកម្មក្នុងផ្នែកឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីទាំងអស់ ប៉ុន្តែជាការពិតណាស់ដែលកើតឡើងនូវទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកដែលនឹងកាត់បន្ថយធនាគារបែបនេះចេញពីប្រព័ន្ធហិរញ្ញវត្ថុសកលដ៏ទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងស្តីពីបំពង់បង្ហូរប្រេងនៅមានចម្ងាយឆ្ងាយ ខណៈកិច្ចសហប្រតិបត្តិការដែលបានស្នើឡើងជាមួយធនាគារចិន នៅតែមានកម្រិតតូចជាងប្រទេសរុស្ស៊ីបានស្នើសុំ។
លោក អាឡិចសាន់ឌ័រ ហ្កាប៊ូវ (Alexander Gabuev) នាយកមជ្ឈមណ្ឌល Carnegie Russia Eurasia Center នៅរដ្ឋធានីប៊ែកឡាំង បានសង្កត់ធ្ងន់ថា៖«ប្រទេសចិនអាចត្រូវការឧស្ម័នរុស្ស៊ីជាយុទ្ធសាស្ត្រ ដើម្បីជាប្រភពផ្គត់ផ្គង់សុវត្ថិភាព ដែលមិនផ្អែកលើផ្លូវសមុទ្ទ នឹងត្រូវរងផលប៉ះពាល់ក្នុងករណីជម្លោះដែនសមុទ្ទ ជុំវិញកោះតៃវ៉ាន់ ឬសមុទ្ទចិនខាងត្បូង។ ប៉ុន្តែដើម្បីធ្វើឱ្យមានតម្លៃ នោះចិនពិតជាត្រូវការតម្លៃថោកបំផុត និងកាតព្វកិច្ចអាចបត់បែនបាន»។ គួរបញ្ជាក់ថា តម្រូវការឧស្ម័ននាំចូលរបស់ចិន ត្រូវបានគេរំពឹងថា នឹងឈានដល់ប្រហែល២៥០ពាន់លានម៉ែត្រគូបនៅឆ្នាំ២០៣០ ពោលគឺកើនឡើងពីតិចជាង ១៧០ពាន់លានម៉ែត្រគូបក្នុងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលគោលនយោបាយថាមពលសកលនៅសាកលវិទ្យាល័យ Columbia នៅក្នុងខែឧសភា៕

