បញ្ជូនជនជាតិចិនសញ្ជាតិខ្មែរ ២នាក់ទៀតមកកម្ពុជាវិញ ក្រោយកាត់ទោសក្នុងសំណុំរឿងលាងលុយខ្មៅដ៏កក្រើកនៅសិង្ហបុរី

សិង្ហបុរី៖ អាជ្ញាធរអន្តោប្រវេសន៍សិង្ហបុរី ហៅកាត់ ICA បានឱ្យដឹងកាលពីថ្ងៃអាទិត្យទី០២មិថុនាថា បុរសជនជាតិចិន បីនាក់ដែលត្រូវបានកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់ដ៏កក្រើកមួយនៅសិង្ហបុរីកាលពីឆ្នាំមុន ត្រូវបានបញ្ជូនទៅប្រទេសទី៣រួចហើយ ដោយក្នុងនោះមាន២នាក់បញ្ជូនមកកម្ពុជា ។
ICA មិនបានបញ្ជាក់ថា ហេតុអ្វីត្រូវបញ្ជូនមកកម្ពុជាទេ តែកន្លងមកក្នុងករណីនេះបានបញ្ជូនជនជាតិចិនមកកម្ពុជាម្ដងដែរ ដោយហេតុថារូបគេមានលិខិតឆ្លងដែនដែលនៅមានសុពលភាពរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel New Asia របស់សិង្ហបុរី។ ស៊ូ ប៉ោលីន មានសញ្ជាតិខ្មែរផងនោះ ត្រូវបានបញ្ជូនមកកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ខណៈម្នាក់ទៀតឈ្មោះ ស៊ូ ហៃជីន សញ្ជាតិស៊ីប ត្រូវបានបញ្ជូនមកកម្ពុជា កាលពីថ្ងៃទី២៨ឧសភា។ ក្រោយការបញ្ជូនចេញពីសិង្ហបុរី អ្នកទាំងពីរត្រូវបានចុះក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឱ្យត្រឡប់ចូលប្រទេសដែនកោះមួយនេះវិញអស់មួយជីវិត។
គួរជម្រាបថា អ្នកទាំងពីរដែលត្រូវបានអះអាងថា បញ្ជូនមកកម្ពុជា ស្ថិតក្នុងចំណោមក្រុមឧក្រិដ្ឋជនសរុប១០នាក់ ត្រូវបានប៉ូលីសិង្ហបុរីចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៣ និងបានកាត់ទោសជាបន្តបន្ទាប់ក្នុងសំណុំរឿងលាងលុយខ្មៅជាង៣ពាន់លានដុល្លារ។ ឈ្មោះ ស៊ូ ប៉ោលីន រងបទចោទចំនួន១៣ករណី ដែលក្នុងនោះមាន២ករណីជាប់ពាក់ព័ន្ធការលាងលុយកខ្វក់ និងត្រូវបានសម្រេចទោសឱ្យជាប់ពន្ធនាគារ១៤ខែ។ ចំណែកឈ្មោះ ស៊ូ ហៃជីន ត្រូវបានសម្រេចទោសឱ្យជាប់ពន្ធនាគារ១៤ខែដូចគ្នា។ ចាប់តាំងពីខែសីហាឆ្នាំមុនមក មានមនុស្ស៨នាក់ហើយត្រូវបានតុលាការសិង្ហបុរីកាត់ទោស និងអនុវត្តនីតិវិធីតាមច្បាប់ ខណៈ៥នាក់ក្នុងចំណោមនោះត្រូវបានបណ្តេញចេញ។
ជាក់ស្តែង ចិនសញ្ជាតិខ្មែរ២រូបត្រូវបានបណ្តេញចេញកាលពីថ្ងៃទី៦ឧសភា។ នេះបើតាម Channel New Asia ដដែល។ គួររំឭកថា ប្រតិបត្តិការបង្រ្កាបការលាងលុយកខ្វក់ទ្រង់ទ្រាយធំនៅសិង្ហបុរីកាលពីឆ្នាំ២០២៣ រឹបអូសបានទ្រព្យសម្បត្តិ វត្ថុមានតម្លៃនិងលុយសុទ្ធជាងជាច្រើនសរុបក្នុងទំហំទឹកប្រាក់៣ពាន់លានដុល្លារសិង្ហបុរី ក្នុងនោះវត្ថុមានតម្លៃគិតជាតម្លៃជាង១០០លានដុល្លារ លុយសុទ្ធ រថយន្តទំនើប និងស្រាថ្លៃជាដើម៕

