អូស្ត្រាលី អង់គ្លេស ម៉ាឡេស៊ី នូវែលសេឡង់ និងសិង្ហបុរី ព្រមព្រៀងគ្នាធ្វើសមយុទ្ធបន្ថែមទៀត

សិង្ហបុរី៖ អូស្ត្រាលី អង់គ្លេស ម៉ាឡេស៊ី នូវែលសេឡង់ និងសិង្ហបុរី នៅថ្ងៃទី៣១ ខែឧសភា បានព្រមព្រៀងគ្នាធ្វើសមយុទ្ធយោធានៅក្នុងតំបន់កាន់តែច្រើននៅឆ្នាំនេះ ដែលពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក យន្តហោះចម្បាំងជំនាន់ទី៥ និងយន្តហោះស៊ើបការណ៍។
ការប្រកាសនៅថ្ងៃសុក្រទី ៣១ ខែឧសភា ដោយរដ្ឋមន្ត្រីការពារជាតិមកពីសមាជិកនៃសម្ព័ន្ធ Five Power Defence Arrangements (FPDA) នៅខាងក្រៅនៃកិច្ចប្រជុំការពារជាតិ Shangri-La Dialogue នៅប្រទេសសិង្ហបុរីបានកើតឡើងនៅពេលដែលសមយុទ្ធយោធានៅអាស៊ីកើនឡើងក្រោមស្រមោលនៃភាពតានតឹងរវាងមហាអំណាចពិភពលោក។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាត ម៉ាឡេស (Richard Marles) បាននិយាយថា៖«យើងកំពុងបង្កើនទ្រព្យសម្បត្តិដែលយើងកំពុងនាំយកមកធ្វើសមយុទ្ធ ដូច្នេះនៅសមយុទ្ធ Bersama Lima នៅចុងឆ្នាំនេះ ជាលើកដំបូង អូស្ត្រាលីនឹងរួមបញ្ចូនយន្តហោះចម្បាំងវាយប្រហារ F-35 ទៅចូលរួម»។ Bersama Lima មានន័យថាប្រាំរួមគ្នាជាភាសាម៉ាឡេ គឺជាសមយុទ្ធយោធាប្រចាំឆ្នាំដែលធ្វើឡើងដោយមហាអំណាចទាំងប្រាំ។ វាត្រូវបានធ្វើឡើងកាលពីឆ្នាំមុនក្នុងប្រទេសម៉ាឡេស៊ី។ លោក ម៉ាឡេស បន្តថាលំហាត់ដែលស្មុគស្មាញជាងនេះគឺជាឧទាហរណ៍នៃការបង្កើនមហិច្ឆតានៅក្នុងរបៀបវារៈនៃសម្ព័ន្ធ FPDA។
ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់ លោក ជូឌីត ខូលីន (Judith Collins) បានបញ្ជាក់ថា យន្តហោះ P-8 Poseidon នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសសិង្ហបុរី ជាលើកដំបូង ដែលជាផ្នែកនៃសមយុទ្ធ។ យន្តហោះ P-8 គឺជាអ្នកតាមដាននាវាមុជទឹករបស់អាម៉េរិក ហើយត្រូវបានដាក់ពង្រាយកាន់តែច្រើនក្នុងតំបន់ប្រឆាំងនឹងការល្បាតនាវាមុជទឹករបស់ចិន។ ប្រទេសសិង្ហបុរីគឺនៅជិតបណ្តាញនាវាមុជទឹកសំខាន់ៗនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលតភ្ជាប់សមុទ្រចិនខាងត្បូងនិងមហាសមុទ្ទឥណ្ឌា។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក ម៉ាឡេស បានលើកឡើងថា FPDA គឺមិនមែនសំដៅលើការប្រឆាំងប្រទេសចិនឡើយ ប៉ុន្តែបំណងប្រាថ្នារបស់យើងគឺដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា។ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក ម៉ូហាមេដ ខាលេដ ន័រឌិន (Mohamed Khaled Nordin) បាននិយាយថា សមយុទ្ធនៅឆ្នាំនេះនឹងរួមបញ្ចូលយន្តហោះគ្មានមនុស្សបើក រួមជាមួយនឹងយុទ្ធោបករណ៍ផ្សេងទៀត។
លើសពីនោះ តំណាងអង់គ្លេសលោក ប៉ូល វីយ៉ាត (Paul Wyatt) អគ្គនាយកនៃគោលនយោបាយសន្តិសុខបាននិយាយថា ចក្រភពអង់គ្លេសគ្រោងនឹងបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់តំបន់នេះនៅឆ្នាំ ២០២៥ ហើយបានពិភាក្សាអំពីរបៀបដែលដំណើរទេសចរណ៍នេះអាចសមនឹងកម្មវិធីសមយុទ្ធរបស់ FPDA៕

