យុទ្ធសាស្ត្រហិរញ្ញប្បទាន សម្រាប់ហានិភ័យគ្រោះមហន្តរាយ២០២៣-២០២៨ កំណត់យកអាទិភាពធំៗចំនួន២

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «យុទ្ធសាស្ត្រហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ ២០២៣-២០២៨» នាថ្ងៃទី២៩ឧសភា ឆ្នាំ២០២៤ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ន បណ្ដាញនានា ធនាគារពិភពលោក ក្រសួងហិរញ្ញវត្ថុ និងអង្គការសង្គមស៊ីវិល។
ក្នុងសិក្ខាសាលានេះ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារ និងជាប្រធានក្រុមការងាររៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានសម្រួលហានិភ័យគ្រោះមហន្តរាយនៅកម្ពុជាបានបង្ហាញពីសារសំខាន់នៃយុទ្ធសាស្ត្រនេះ ក្នុងការពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ពោលគឺគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានពីគ្រោះមហន្តរាយ និងចាត់វិធានការអន្តរាគមន៍សំដៅធានាថាបន្ទុកចំណាយផ្សេងៗស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន និងមិនប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុសាធារណៈក៏ដូចជានិរន្តរភាពនៃកិច្ច-ដំណើរការរបស់រាជរដ្ឋាភិបាលនៅលើមុខព្រួញផ្សេងៗទៀត។ កម្ពុជាជាប្រទេសងាយរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងហានិភ័យអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ។ ហេតុផលនេះ យុទ្ធសាស្ត្រហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ គឺមានសារសំខាន់បំផុតក្នុងការបង្កើនសមត្ថភាពនៃការទប់ស្កាត់ និងការឆ្លើយតបនឹងហានិភ័យទាំងនេះ។ នាដើមឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ ២០២៣-២០២៨ ដើម្បីដើរតួនាទីជាជំនួយយ៉ាងសំខាន់ក្នុងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុឆ្លើយតបនឹងហានិភ័យគ្រោះមហន្តរាយ និងអាកាសធាតុ។
ឯកសារយុទ្ធសាស្ត្រនេះមានចក្ខុវិស័យពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុទៅនឹងហានិភ័យគ្រោះ មហន្តរាយ និងអាកាសធាតុរបស់ប្រទេសកម្ពុជា តាមរយៈការបង្កើនចំណេះដឹង ធនធាន និងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីឈានឆ្ពោះទៅរកការគាំពារកាន់តែប្រសើរឡើងដល់ប្រជាជន សេដ្ឋកិច្ច និងការ អភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកសារយុទ្ធសាស្ត្រនេះបានកំណត់យកក្របខណ្ឌ យុទ្ធសាស្ត្រអាទិភាពចំនួន២គឺទី១ «អភិវឌ្ឍន៍បរិយាកាសអំណោយផលសម្រាប់ហិរញ្ញប្បទានហានិភ័យ គ្រោះមហន្តរាយ» និងទី២ «ដំណោះស្រាយហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ»។ ជាមួយគ្នានេះ ធនាគារពិភពលោកប្រចាំកម្ពុជាបានបង្ហាញការប្តេជ្ញាបន្តគាំទ្រគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងភាពធន់ និងចីរភាពផ្នែកហិរញ្ញវត្ថុទៅនឹងគ្រោះមហន្តរាយនិងហានិភ័យអាកាសធាតុ។
ក្នុងអង្គសិក្ខាសាលាដដែលនេះ ឯកឧត្តម ម៉ី វ៉ាន់ បានគូសរំលេចអំពីសារសំខាន់នៃយុទ្ធសាស្ត្រនេះ ក្នុងការពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ពោលគឺគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានពីគ្រោះមហន្តរាយ និងចាត់វិធានការអន្តរាគមន៍សំដៅធានាថាបន្ទុកចំណាយផ្សេងៗស្ថិតក្នុង កម្រិតអាចគ្រប់គ្រងបាន និងមិនប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុសាធារណៈ ក៏ដូចជានិរន្តរភាពនៃកិច្ច-ដំណើរការរបស់រាជរដ្ឋាភិបាលនៅលើមុខព្រួញផ្សេងៗទៀត៕

