ទួកគី ផ្តល់អាហារូបករណ៍ ចំនួន៨កន្លែង ក្នុង១ឆ្នាំ ជូនដល់មន្រ្តីនគរបាលកម្ពុជា

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនោះក៏មានឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ និងឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅកាន់សាធារណរដ្ឋទួកគី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងមហាផ្ទៃកម្ពុជា បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបជាមួយថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលប្រតិបត្តិការពិសេស និងជួបជាមួយថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាល នៃសាធារណរដ្ឋទួកគី ជាលទ្ធផល ទួកគី សម្រេចផ្តល់ជូនកម្ពុជា ដូចខាងក្រោម៖
១. ទួកគី ផ្តល់អាហារូបករណ៍ ចំនួន ៨កន្លែង ក្នុង ១ឆ្នាំ ជូនដល់មន្រ្តីនគរបាលកម្ពុជា ដើម្បីក្លាយជាគ្រូបង្រៀនបន្តវេន។
២. ទួកគី ចូលរួមអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលរួមគ្នា (2+2)។
៣. ទួកគី ជួយបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការកែលម្អកម្មវិធីសិក្សា។
៤. ទួកគី បញ្ជូនអ្នកជំនាញ ជួយរៀបចំមន្ទីរពិសោធន៍ និងកិច្ចការស្រាវជ្រាវនៅកម្ពុជា៕

