ព្រះរាជពិធីសុំព្រះអគ្គី ថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះប្រធានគណៈគ្រប់គ្រងវត្តឧណ្ណាលោម បានដឹកនាំព្រះមន្តីសង្ឃរៀបចំព្រះរាជពិធីសុំព្រះអគ្គី ថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានយាងចូលទិវង្គត កាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត និមន្តដឹកនាំព្រះមន្រ្តីសង្ឃវត្តឧណ្ណាលោម រៀបចំព្រះរាជពិធីសុំព្រះអគ្គី ពីកម្តៅព្រះអាទិត្យ ដើម្បីត្រៀមនូវពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ គណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះបរមសព នឹងរៀបចំនូវពិធីដង្ហែព្រះបរមសពឆ្ពោះទៅកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរារាម ដើម្បីប្រារព្ធនូវពិធីថ្វាយព្រះភ្លើង។
សូមជម្រាបជូនថា គណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំនូវព្រះរាជពិធីមហាសង្ឃទាន ថ្វាយព្រះបរមសព ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឧទ្ទិសថ្វាយនូវមហាព្រះរាជកុសល ថ្វាយចំពោះព្រះវិញ្ញាណក្ខ័ន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលបានចូលព្រះទិវង្គតទៅកាន់បរលោកឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខ កុំបីអាក់ខានឡើយ។
ការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវឥស្សរសមណសង្ឃពហុស្សូតជាន់ខ្ពស់មួយព្រះអង្គ របស់សាសនា ជាព្រះបិតាសង្ឃ និងព្រះស្ថាបនិកព្រះសង្ឃ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា និងសង្គមជាតិ ប្រកបដោយព្រះស្មារតីទទួលខុសត្រូវខ្ពស់ និងក្នុងមួយព្រះជន្មរបស់សម្តេច បានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៍ អរិយធម៌ អក្សរសាស្រ្ត និងបានស្ថាបនានូវស្នាមព្រះហត្ថយ៉ាងច្រើនអនេកទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជនប្រើប្រាស់ ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តទៅអនាគត៕

