អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ជាជនជាតិថៃ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី
ភ្នំពេញ៖ ជនសង្ស័យពាក់ព័ន្ធ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅវេលាម៉ោង១៩និង៣៣នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចមុខអគារមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ភូមីន កិនខាំ ហៅ អឺត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ២-ឈ្មោះ វង់សាថន ស្រីចាន់ ហៅ តេ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបតិការនេះកម្លាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១០គ្រាប់ ទម្ងន់ ១,២៩ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកZoomer-X ពណ៌ក្រហមស ផ្លាកលេខ កំពង់ស្ពឺ1J-3050, ទូរស័ព្ទ ចំនួន ០២គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជាក់ថា ៖ មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលពត៌មានពីសន្តិសុខ ថាមានករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរព្រំដែន។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងបានចុះទៅចំណុចខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន៕