ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួន៤ និងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ត្រៀមផ្សព្វផ្សាយសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»
ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួន៤ ចំណុះឲ្យក្រសួងព័ត៌មាន បានត្រៀមខ្លួនជាស្រេច ដោយសហការជាមួយក្រុមការងារមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍សន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតតាមរយៈការអប់រំ និងការថែទាំសុខភាព» ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នាសាលយុត្តិតេជោ (អតីតសាលសវនាការនៃសាលាក្តីខ្មែរក្រហម) ។ កិច្ចសហការភាពជាដៃគូរវាងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងមជ្ឈមណ្ឌលធនធាននៃអ.វ.ត.ក. មានសារៈសំខាន់ណាស់ ហើយស្របទៅនឹងគោលបំណងរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា និងនៅលើសកលលោក ឱ្យបានដឹង និងយល់អំពីសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្ត្រក្នុងដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល១៦ឆ្នាំកន្លងមកនេះ ព្រមទាំងភារកិច្ច និងសកម្មភាពការងារសំខាន់ៗ ដែលអ.វ.ត.ក. បាន និងកំពុងបន្តអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី។ នេះជាប្រសាសន៍របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសឯកឧត្តមបានដឹកនាំក្រុមការងារផ្សព្វផ្សាយនៃក្រសួងព័ត៌មាន ចូលរួមក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលធនធានអ.វ.ត.ក. នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. និងដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់និងអ្នកជំនាញនៃមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ជាច្រើនរូប ព្រមទាំងតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃក្រសួងព័ត៌មានមកពី៖ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP), អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(TVK), អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា(RNK), និង APPរបស់ក្រសួងព័ត៌មានផងដែរ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងផងដែរអំពីសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន និងចំណេះដឹងក្នុងចំណោមយុវជនទាំងអស់ឲ្យបានដឹងអំពីយុត្តិធម៌ ដែលតុលាការកូនកាត់មួយនេះសម្រេចបាន ជូនដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ក៏ដូចជាសម្រាប់ប្រជាជាតិទាំងមូល ជាពិសេសដើម្បីឱ្យបានយល់អំពីប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដែលក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃ និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់ និងបានធ្វើឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីបំផុតគ្មាន។ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. បានមានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំថា៖ «មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ត្រូវបានបង្កើតឡើង និងបានដំណើរយ៉ាងល្អ ជាពិសេសក្នុងដំណាក់ក្រោយដំណើរសវនាការសាលាក្តីបានបញ្ចប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សព្វផ្សាយ និងអប់រំពាក់ព័ន្ធនឹងសមិទ្ធផលនៃដំណើរការជំនុំជម្រះក្តី និងការងារគ្រប់គ្រងបណ្ណសារ ឱ្យបានទូលំទូលាយដល់សាធារណជន និងតាមដានការអនុវត្តការងារនានាក្នុងក្របខណ្ឌបណ្តឹងរដ្ឋប្បវេណី និងការផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម»។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា «អ្វីដែលអង្គជំនុំជម្រះក្តីនៃសាលាក្តីកូនកាត់សម្រេចបានមានលក្ខណៈជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សលោក ដោយមានភាគីជាតិកម្ពុជា និងភាគីអង្គការសហប្រជាជាតិ ព្រមទាំងសហគមន៍អន្តរជាតិ បានផ្ដល់ការគាំទ្រដល់ដំណើរការនៃតុលាការទាំងមូល និងការកាត់សេចក្ដីប្រកបដោយភាពរលូន ទាន់ពេលវេលា និងទទួលបានជោគជ័យ ដែលជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ការបង្រួបបង្រួមជាតិ ព្រមទាំងចូលរួមលើកកម្ពស់ស្មារតី៧មករា ១៩៧៩ ថែមទៀត»។ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ចាក់ថា «ក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ឆ្លាសវៃ និងប្រកបដោយយុទ្ធសាស្ត្ររបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យដើម្បីដើរតួនាទីលើកិច្ចការសាធារណៈក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយពង្រឹងប្រសិទ្ធភាពនិងគុណភាពផ្សព្វផ្សាយព័ត៌មានពិតនិងចំណេះដឹងសម្បូរបែបលើគ្រប់វិស័យជូនដល់សាធារណៈជនទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ហើយការផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជានិងពិភពលោកបានដឹងអំពីភាពជោគជ័យរបស់សាលាក្ដីខ្មែរក្រហម ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងអំពីការផ្តល់យុត្តិធម៌ជូនជនរងគ្រោះដោយរបបខ្មែរក្រហម មានតម្លៃខ្ពស់រួមចំណែកលើកកម្ពស់សមិទ្ធផលរបស់សាលាក្តីកម្ពុជាជាតុលាការគំរូមួយដល់ប្រទេសនានាក្នុងតំបន់ និងលើសកលលោកសិក្សា ដែលអាចជាបច្ច័យដល់ការរៀបចំតុលាការវិនិច្ឆ័យលើអំពើប្រល័យពូសាសន៍ឬឧក្រិដ្ឋកម្មធ្ងន់ធ្ងរនាពេលអនាគត។ ឯកឧត្តមអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌បានបន្តទៀតថា «ការផ្សព្វផ្សាយអំពីសមិទ្ធផលរបស់សាលាក្តីនេះក៏ជាការចូលរួមក្នុងការបណ្តុះមនសិការបស់យុវជនជំនាន់ក្រោយឱ្យស្រលាញ់ ថែរក្សា និងការពារសន្តិភាព និងលើកកម្ពស់ស្មារតីមោទនភាពជាតិដោយក្រោយសង្គ្រាមដ៏រាំរៃកម្ពុជាបច្ចុប្បន្នមានសន្តិភាពពេញលេញ ជាគំរូសម្រាប់ជាតិសាសន៍ដទៃទៀតនៅលើពិភពលោក។ ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរលើលទ្ធភាពក្នុងការរៀបចំនាពេលខាងមុខឱ្យមានអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសមិទ្ធផលការងារ និងសកម្មភាពរបស់ អ.វ.ត.ក. ក្រោយដំណើរការសវនាការតុលាការបានបញ្ចប់ ខណៈ អ.វ.ត.ក. បានបើកទ្វារជាសាធារណៈដើម្បីផ្តល់ព័ត៌មានដល់សាធារណៈជន ជាពិសេសយុវជនឱ្យទទួលបាននូវចំណេះដឹង តាមរយៈការសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងក្របខណ្ឌស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ។ មជ្ឈមណ្ឌលធនធាននេះមានផ្នែកសំខាន់ៗ ចំនួន ៦ គឺ៖ បណ្ណាល័យនិងកន្លែងស្រាវជ្រាវ, គេហទំព័រថ្មី, និហិតដ្ឋានបណ្ណសារដែលមានឯកសារចំនួន២.៤លានទំព័រ, បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលានិងតុលាការនិម្មិត, បន្ទប់ពិគ្រោះយោបល់និងតាំងពិព័រណ៍, និងឧទ្យានសម្រាប់ការចងចាំ។ គួររំលឹកថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ត្រូវបានរៀបចំឡើងក្រោមកិច្ចព្រមព្រៀងរវាងភាគីរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការ ឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាលឬអង្គការសហប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជាក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩។ ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ខែសីហា ឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចំណាយថវិកាចំនួន៣៣៧,៧០លានដុល្លារអាមេរិក ទៅលើបេសកកម្មរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាទាំងមូល។ ក្រោយសាលាក្តីខ្មែរក្រហម បានឈានមកដល់ទីបញ្ចប់នៃការកាត់ក្តីទៅលើមេដឹកនាំខ្មែរក្រហម អង្គការសហប្រជាជាតិ បានបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣ឆ្នាំទៀត ដោយចាប់ផ្តើមនៅក្នុង ឆ្នាំ២០២៣ រួមមាន៖ ទី១-មុខងារសេសសល់ផ្នែកយុត្តាធិការរួមទាំងការគ្រប់គ្រងបណ្ណសារ ឱ្យអនុលោមតាមបទដ្ឋានអន្តរជាតិ និងទី២-មុខងារមិនមែនផ្នែកតុលាការដែលផ្តោតទៅលើការងារផ្សព្វផ្សាយសមិទ្ធផលរបស់ អ.វ.ត.ក. និងការពិនិត្យតាមដានការអនុវត្តគម្រោងសំណងដល់ដើមបណ្តឹងរដ្ឋប្បវេណី ដែលមានសារៈសំខាន់ក្នុងការធានាថា «កេរដំណែល និងជនរងគ្រោះនៃរបបខ្មែរក្រហមមិនត្រូវបានគេបំភ្លេចចោល» ក្រោយពេលបញ្ចប់អាណត្តិការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា៕