ឯកឧត្តម ហ៊ុន ម៉ានី ជួបពិភាក្សាការងារជាមួយ ឧបការីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តចិន
ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ស៊ីថុង ឧបការីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តចិន នៅវិមាន ៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដែលអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា និងបានគូសបញ្ជាក់ពីចំណងទំនាក់ទំនងនៃប្រទេសទាំង២ និយាយជារួម និង រវាងគណបក្ស និងគណបក្ស និយាយដោយឡែក ដែលបានរីកលូតលាស់ដល់កម្រិតខ្ពស់គួរជាទីមោទនៈ។
ជាមួយគ្នានេះ ឯកឧត្តម ចាវ ស៊ីថុង ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានទទួលកណៈប្រតិភូ ប្រកបដោយភាពកក់ក្តៅបំផុត និងលើកឡើងអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ដែលជាផ្នែកមួយនៃការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគណបក្សទាំង២ ៕