ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យ និងសាខា ប.ស.ស. ទូទាំងប្រទេស សរុបប្រមាណជា៤០០នាក់ ក្នុងគោលបំណងស្វែងរកបញ្ហាប្រឈមនានាដែលអនុវត្តកន្លងមក និងរកនូវដំណោះស្រាយសមស្រប ដើម្បីធ្វើការកែលម្អបន្ថែម ក្នុងន័យលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និងការអនុវត្តការងារប្រចាំថ្ងៃរបស់បេឡាជាតិសន្ដិសុខសង្គមឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួន ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹងការងារចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន ការចុះធ្វើអធិការកិច្ច និងការផ្សព្វផ្សាយពីអត្ថប្រយោជន៍របបសន្ដិសុខសង្គមទៅកាន់សាធារណជន ឱ្យបានត្រឹមត្រូវ, ច្បាស់លាស់, គ្រប់ជ្រុងជ្រោយ, ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាពិសេសបានដាក់កំហិតដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មិនត្រូវពាក់ព័ន្ធជាមួយគ្រប់សហគ្រាស គ្រឹះស្ថាន ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនជាដាច់ខាត។
ជាមួយនេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី ក៏បានផ្តល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធ និងលំហូរការងារ ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងការរៀបចំផែនការអភិវឌ្ឍការងារក្នុងអង្គភាព និងផែនការយុទ្ធសាស្រ្តថវិកាប្រចាំឆ្នាំរបស់ខ្លួនឱ្យបានច្បាស់លាស់ផងដែរ។
ទន្ទឹមនេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បន្តបង្កើនសមត្ថភាពការងារ សាមគ្គីភាពផ្ទៃក្នុង និងអង្គភាពជំនាញត្រូវសហការរៀបចំវគ្គបណ្ដុះបណ្ដាលលើការងារដែលចាំបាច់ក្នុងអង្គភាពនីមួយៗ ដើម្បីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងបុគ្គលិក នៃបេឡាជាតិសន្ដិសុខសង្គមផងដែរ៕

