ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Roche ប្រចាំប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Farid Bigoli នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Roche ប្រចាំប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ និងក្រុមការងារ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន Roche ដែលកន្លងមកបានគាំទ្រ និងរួមចំណែកលើកកម្ពស់សេវាសុខាភិបាល និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា ជាពិសេសផ្តល់ជូននូវឱសថ និងភ្នាក់ងារធ្វើតេស្តរកមេរោគកូវីដ-១៩ ដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
លោក Farid Bigoli នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Roche ប្រចាំប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកនាយក ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន Roche ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។
ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តចំពោះនិរន្តរភាព និងទំនួលខុសត្រូវរបស់សាជីវកម្ម គោលបំណងធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមានដល់សង្គម និងបរិស្ថាន។ ក្រុមហ៊ុនមានបណ្តាញស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏រឹងមាំ ហើយសហការជាមួយអ្នកសិក្សា អ្នកផ្តល់សេវាថែទាំសុខភាព និងដៃគូឧស្សាហកម្មផ្សេងៗទៀត ដើម្បីជំរុញដំណោះស្រាយ និងថែទាំសុខភាពរបស់អ្នកជំងឺ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះគុណភាពរបស់ឱសថរបស់ក្រុមហ៊ុន Roche និងសូមស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Roche ក្នុងវិស័យសុខាភិបាល ក៏ដូចជាការផ្តល់ជំនួយសុខាភិបាល ការផ្គត់ផ្គង់ឱសថដល់កម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និរន្តរភាព និងសមធម៌។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងចំណុចសំខាន់ៗចំនួន ៧ ដែលបាននឹងកំពុងអនុវត្តសព្វថ្ងៃ ក្នុងការពង្រឹង៖ ១)ហេដ្ឋាសម្ព័ន្ធ ២)ធនធានមនុស្ស ៣)សេវាគ្លីនិក ៤)ឧបករណ៍ បរិក្ខារពេទ្យ និងឱសថ ៥)ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ៦)ការលើកកម្ពស់គុណភាពសេវា និង៧)លក្ខខណ្ឌច្បាប់ និងកិច្ចការរដ្ឋបាល ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុន Roche បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

