គ្មានការបាញ់កាំភ្លើងទឹក ប៉ាតម្សៅ និងបង្កភាពគ្មានសណ្តាប់ធ្នាប់ឡើយ ក្នុងការអបអរសាទរពិធីចូលឆ្នាំថ្មី នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ភ្នំពេញ៖ ពិតជាគួរឱ្យកោតសរសើរ ក្នុងការអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន ៣ថ្ងៃ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គ្មានទេការបាញ់ទឹកដោយកាំភ្លើង ប៉ាតម្សៅ និងបង្កភាពគ្មានសណ្តាប់ធ្នាប់ឡើយ ផ្ទុយទៅវិញ មានតែការសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងការលេងល្បែងប្រជាប្រិយ តែប៉ុណ្ណោះ។
សកម្មភាពនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍សង្គមកោតសរសើរយ៉ាងក្រៃលែង ដែលមិនត្រឹមតែបានអនុវត្តត្រឹមត្រូវតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេ តែក៏បានលើកតម្លៃវប្បធម៌ខ្មែរ ផងដែរ។
ព្រឹត្តិការណ៍នេះ គឺជាពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិត លើកទី៧ ដែលត្រូវបានប្រារព្ធបើកសម្ពោធក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំតំណាងអង្គភាពពាក់ព័ន្ធ សិស្ស និស្សិត និងមហាជនចូលរួមជាច្រើននាក់ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៤» ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងនិស្សិតទាំង៥ មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញ នូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។ ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។
នៅថ្ងែទី១ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានផ្តល់កិត្តិយសជាអធិបតីក្នុងកម្មវិធីសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងផ្តល់មតិសំណេះសំណាល។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ប្អូនៗនិស្សិតទាំង៥ មហាវិទ្យាល័យដែលសម្រេចបាននូវសមិទ្ធផលខាងលើនេះ ព្រមទាំងធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការគ្រប់គ្រង បណ្តុះបណ្តាលរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងលោក លោកស្រីសាស្ត្រាចារ្យទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។
នាថ្ងៃទី២ ក៏មានការប្រគំតន្ត្រីកំដរបរិយាកាស ការលេងល្បែងប្រជាប្រិយ ដូចជាចោលឈូង ចាប់កូនខ្លែង បោះអង្គញ់ ទាញព្រ័ត្រ ការរាំកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ ព្រមទាំងការសម្តែងទស្សនីយភាពនានាដូចជា របាំបុរាណ របាំសហសម័យ ល្ខោនខោល គុណល្បុក្កតោ ចម្រៀងអាយ៉ៃ ល្ខោនស្រមោលស្បែកធំផងដែរ។ ក្រៅពីការសម្ដែងទស្សនីយភាពសិល្បៈចម្រុះដោយនិស្សិត ក៏មានការចូលរួមពីសំណាក់សិល្បករក្រៅប្រព័ន្ធ និងតារាចម្រៀងល្បីៗនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមជំរុញ និងបង្កើនភាពសប្បាយរីករាយដល់មហាជនទូទៅបានទស្សនាកម្សាន្ត។
ថ្ងៃទី៣ ជាថ្ងៃចុងបញ្ចប់ ពេលព្រឹកថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងនិស្សិតជាច្រើនបានចូលរួមស្រង់ទឹកថ្វាយរូបព្រះបាទជ័យវ័រ្មនទី៧ ក្នុងពិធីស្រង់ព្រះរំលឹកគុណគ្រូក្នុងទីធ្លាសាកលវិទ្យាល័យ។ ពេលល្ងាច សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលរួមកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងបានយាងទតការសម្តែងសិល្បៈដែលរៀបចំ និងចូលរួមសម្តែងផ្ទាល់ពីសំណាក់អ្នកគ្រូសាស្ត្រាចារ្យ ព្រឹទ្ធាចារ្យនិងអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
នេះជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ របស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ដែលបានរួមកម្លាំងសាមគ្គីគ្នា ក្នុងការរួមថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ដូនតាខ្មែរ ក្នុងបុព្វហេតុប្រតិបត្តិខ្លួនជាកូនល្អ និស្សិតគំរូ និងជាយុវជនល្អក្នុងសង្គម ចៀសឱ្យផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
ក្នុងកម្មវិធីនោះដែរ ក្រៅពីការតាំងពិព័រណ៍ស្នាដៃសិល្បៈនិស្សិត ក៏មានការតាំងនូវផលិតផលសិប្បកម្ម វត្ថុសិល្បៈ ផលិតផលពីត្នោត ស្ដង់អាហារ និងវត្ថុអនុស្សាវរីយ៍ដែលបង្ហាញពីសិល្បៈខ្មែរផងដែរ។
នាឱកាសដ៏មានសារៈសំខាន់នៃកម្មវិធីខាងលើ ថ្នាក់ដឹកនាំ និងនិស្សិត ក៏បានរៀបចំហិបរៃអង្គាសថវិកាសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមបន្តនិរន្តរភាពនៃកិច្ចដំំណើរការរបស់មន្ទីរពេទ្យ ក៏ដូចជាការចូលរួមផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា។
ឯកឧត្តមបណ្ឌិត ហេង សុផាឌី បានបញ្ជាក់ថា យើងដឹងហើយថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសាកលវិទ្យាល័យផ្តោតលើការសិក្សាលើសិល្បៈ វប្បធម៌ ដែលជាអត្តសញ្ញាណជាតិ គឺយើងធ្វើអ្វីៗ ដោយរក្សាភ្ជាប់ទៅតាមទំនៀមទម្លាប់ប្រពៃណី មិនឱ្យប្រាសចាកទេ។
បើតាមឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ព្រឹត្តិការណ៍នេះ មិនមែនដើម្បីតែភាពសប្បាយរីករាយប៉ុណ្ណោះទេ តែបានឱ្យនិស្សិតបង្ហាញស្នាដៃ និងទេពកោសល្យ ដែលពួកគាត់បានសិក្សានៅទីនេះ។ ឯកឧត្តមបណ្ឌិត បានបន្តថា ម្យ៉ាងទៀត នេះក៏ជាផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ឱ្យមហាជនបានដឹង។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គិន ភា អ្នកតាមដានព្រឹត្តិការណ៍សង្គម បានលើកឡើងថា សម្រាប់លោកផ្ទាល់ ការរៀបចំពិធីចូលឆ្នាំថ្មី ក្នុងទម្រង់បែបនេះ លោកគាំទ្រមែនទែន។ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាតម្លៃខ្ពស់បំផុតចំពោះសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាពិសេសលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលផ្តួចផ្តើមរៀបចំពិធីមួយ ដែលប្រកបដោយអត្ថន័យខ្លឹមសារបែបនេះ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកថា ព្រឹត្តិការណ៍នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សា អភិរក្ស អភិវឌ្ឍ និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ខ្មែរយើង ពីដូនតា ពិសេសជាគំរូមួយសម្រាប់យុវជនខ្មែរយើង។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ដូចយើងដឹងហើយថា និន្នាការបច្ចុប្បន្ននេះ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង ហាក់ដូចជាមានការប្រាសចាកឆ្ងាយបន្តិច អំពីទម្រង់ដើម ដែលជាប្រពៃណីទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង ដែលបន្សល់ទុកមកឱ្យកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ យើងឃើញថា និន្នាការ ប្រារព្ធពិធី មានការច្រៀងរាំ ផឹកស៊ី ជះទឹក ប៉ាតម្សៅ ជាដើម ទាំងនោះមិនមែនជាទម្រង់ប្រពៃណីទំនៀមទម្លាប់ខ្មែរយើងទេ។
ឯកឧត្តមបណ្ឌិត គិន ភា បានបន្តថា អ្វីដែលយើងគួរតែលើកទឹកចិត្ត គឺអ្វីដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំនេះ ហើយយើងគួរតែជំរុញឱ្យមានការលេងល្បែង ប្រជាប្រិយខ្មែរយើង ក្នុងទម្រង់ដែលបងប្អូនយើងនិយមលែង នៅក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជារឿងរាល់ឆ្នាំ ដែលមានតាំងពីដូនតាយើងមក ដែលមានដូចជា ការបោះអង្គញ់ វាយក្អម ទាញព្រ័ត្រ ចាប់កូនខ្លែង អីជាដើម សុទ្ធតែជាល្បែងប្រជាប្រិយបង្កប់នូវអត្ថន័យអប់រំដ៏សំខាន់ សម្រាប់ខ្មែរយើង។ អីចឹង យើងសង្ឃឹមថា ការរៀបចំរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងក្លាយជាគំរូល្អ ដល់ស្ថាប័នរដ្ឋ និងឯកជនដទៃទៀត ក្នុងការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ឱ្យបានជាឱឡារិក អធិកអធម ហើយថែរក្សាបាននូវការអភិរក្ស ការអភិវឌ្ឍ និងការលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ដូនតាខ្មែរយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា ក្នុងឱកាសរៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជនយុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចជា៖
-ហាមដាច់ខាតការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
-ហាមឃាត់ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមយានយន្ត ព្រោះអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិត បង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិ។ល។
-លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបាន ច្រើនកុះករ ៕
