ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់៖ ការរំលឹកទិវាអន្តរជាតិនារី៨មីនា គឺដើម្បីរំលឹកដល់ការតស៊ូ លះបង់ និងការប្តេជ្ញាចិត្តខ្ពស់របស់ស្រ្តី ក្នុងការងារអភិវឌ្ឍន៍ជាតិមាតុភូមិ

ភំ្នពេញ៖ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ នាយករងមន្ទីរ លោក-លោកស្រីវរសេនីយ៍ នាយ-នាយរងការិយាល័យចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាច្រើនរូប។
បន្ទាប់ពីស្តាប់នូវខ្លឹមសារលិខិតជូនពររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ រួចមកឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានមានប្រសាសន៍ថា ថ្ងៃនេះ ឯកឧត្តម មានសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធី អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”។
ឯកឧត្តមនាយកមន្ទីរ បានគូសបញ្ជាក់ ការរំលឹកទិវាអន្តរជាតិនារី៨មីនានេះ គឺដើម្បីរំលឹកដល់ការតស៊ូ លះបង់ ជំនះរាល់ឧបសគ្គ និងបញ្ហាប្រឈមនានា ប្រកបដោយឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់ស្រ្តី ក្នុងការថែរក្សាគ្រួសារ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារអភិវឌ្ឍន៍ជាតិមាតុភូមិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបន្តថា ឆ្នាំមុនយើងបានជួបគ្នាម្តងហើយ ហើយឆ្នាំ២០២៤នេះ យើងជួបគ្នាម្តងទៀត ក្នុងការប្រាព្ធទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣ ដែលត្រូវបានប្រារព្ធធ្វើឡើងក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” គឺក្នុងគោលបំណងដើម្បីរំលេចអំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ តាមរយៈមូលបទ ដែលបានកំណត់លើកឡើងនេះ មានភាពស្របគ្នានឹងបរិយាកាស នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងកាន់តែច្រើនឡើងក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ ដែលមានន័យថា ស្រ្តី និងក្មេងស្រី ចាំបាច់ត្រូវតែចូលរួម និងអភិវឌ្ឍខ្លួនឲ្យទាន់តាមសភាពការណ៍ ដែលកំពុងវិវត្តទៅមុខឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា កម្ពុជាក្រោមការដឹកនាំដ៏សកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តពង្រឹងនូវក្របខណ្ឌគោលនយោបាយនានាសំដៅលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងការបង្កើនភាពអង់អាចក្លាហានដល់ ស្រ្តី និងក្មេងស្រី ឲ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា ការចូលរួមរបស់បងប្អូននគរបាលនារីក្នុងការបម្រើការងារនៅក្នុងមន្ទីរ បានបង្ហាញពីឆន្ទៈដ៏មោះមុត និងការលះបង់ខ្ពស់បំផុតមិនអាចកាត់ថ្លៃបានសម្រាប់បុព្វហេតុការពារសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់រូប ពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននេះ។ ឯកឧត្តម បានបន្តថា មន្រ្តីនគរបាលនារីនៅក្នុងមន្ទីរយើងនេះ បានខិតខំធ្វើកិច្ចការយ៉ាងខ្ជាប់ខ្ជួននិងមានទំនួសខុសត្រូវ ដោយបានចំណាយទាំងពេលវេលា កម្លាំងកាយចិត្ត ក្នុងការចូលរួមបង្រ្កាបបទល្មើសគ្រឿងញៀននេះ។
ក្នុងនាម នាយកមន្ទីរប្រឆាំងគ្រឿងញៀន ឯកឧត្តម សូមថ្លែងអំណរគុណដល់កងកម្លាំងជានគរបាលនារី ប្រសិនបើមិនមាននគរបាលជានារីចូលរួមចំណែកទេ កម្លាំងនគរបាលជាបុរសពិតជាមានផលលំបាក ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរ ក៏បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលនារី និងបានឧបត្ថម្ភនូវថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្នុងម្នាក់២០ម៉ឺនរៀល និងបានសម្តែងនូវការកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ដល់បងប្អូននគរបាលនារីគ្រប់រូប ដែលបានខិតខំបំពេញភារកិច្ច ដើម្បីបុព្វហេតុការពារសន្តិសុខ និងសុវត្ថិភាពជូនជាតិមាតុភូមិ ៕

