សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១៣ ឆ្នាំ២០២៤

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១៣ ឆ្នាំ២០២៤។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៨ មីនានេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១៣ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។
សម្ដេចបន្តថា ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ទិវានេះត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរំលឹកពីប្រវត្តិនៃការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាននានា សំដៅបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី និងក្មេងស្រី។
ទន្ទឹមជាមួយគ្នានោះ សម្ដេចតេជោ ក៏បានជូនពរបងប្អូននារីគ្រប់រូបជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពរីករាយក្នុងថ្ងៃឈប់សម្រាកនេះ៕

