ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ៖ រយៈពេល៦ខែ សម្តេចធិបតី ហ៊ុន ម៉ាណែត ជោគជ័យខ្ពស់លើនយោបាយការទូត

ភ្នំពេញ៖ ក្នុងវេទិកាជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ បានលើកបង្ហាញថា រយៈពេល៦ខែមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានជោគជ័យខ្ពស់លើនយោបាយការទូតក្នុងការសម្របសម្រួលខ្លួនទៅក្នុងឆាកអន្តរជាតិ តាមរយៈការទូតមួយសកម្មឡើងជាលំដាប់ តាមរយៈនយោបាយមួយដែលពង្រីកមិត្តភាពថ្មីនិងពង្រឹងមិត្តភាពចាស់។
ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា រយៈពេល៦ខែនេះ ធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៤ និងប្រទេសចំនួន៨គិតជាចម្ងាយសរុបប្រមាណ ជិត ១០ម៉ឺនគីឡូម៉ែត្រ។
ឯកឧត្ដម ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែនេះ សម្តេចធិបតី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣,បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងចូលរួមក្នុងពិព័ណ៍អាស៊ាន-ចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣, ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣, ចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំងប្រទេសចិន, រួចហើយបង្ហួសទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ពីថ្ងៃ១៦ដល់ថ្ងៃ២១តុលា ខែ២០២៣, បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម, ចូលរួមក្នុងកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅ Tokyo ប្រទេសជប៉ុន ពីថ្ងៃ១៥ដល់ ១៩ ខែធ្នូ ឆ្នាំ២០២៣, ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូស ប្រទេសស្វីស ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤, បំពេញទស្សនកិច្ចនៅបារាំងថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ និងបំពេញទស្សនកិច្ចផ្លូវការនៅថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤៕

