ចំនួនអ្នកស្លាប់ដោយសារការបាក់ដីនៅហ្វីលីពីន កើនឡើងដល់ ៣៥នាក់

ម៉ានីល៖ មន្ត្រីម្នាក់បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ថាចំនួនមនុស្សស្លាប់ដោយសារការបាក់ដីនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៣៥នាក់ហើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះនៅតែបន្តជីកដីភក់ ទោះបីជាក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀតបានស្រអាប់ក៏ដោយ។
ការរអិលបាក់ដីបានវាយប្រហារកាលពីយប់ថ្ងៃអង្គារនៅខាងក្រៅអណ្តូងរ៉ែមាសក្នុងទីប្រជុំជន Maco ក្នុងខេត្ត Davao de Oro ដោយបានកប់ផ្ទះ និងរថយន្តដែលដឹកបុគ្គលិកទៅកាន់កន្លែងប្រតិបត្តិការដោយក្រុមហ៊ុន Apex Mining។
លោក Edward Macapili មន្ត្រីនៃខេត្ត Davao de Oro បានឲ្យដឹងថា មនុស្សចំនួន ៣៥នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ កើនឡើងពីចំនួន ២៨នាក់ដែលបានរាយការណ៍ពីមុន។ មនុស្សសរុបចំនួន ៧៧នាក់នៅតែបាត់ខ្លួន និងចំនួន ៣២នាក់បានរងរបួស។
លោកបានបន្តថា មនុស្សជាង ៣០០នាក់បានចូលរួមក្នុងការជួយសង្គ្រោះ ប៉ុន្តែប្រតិបត្តិការកំពុងត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង ភក់ក្រាស់ និងការគំរាមកំហែងនៃការបាក់ដីបន្ថែមទៀត។ លោកបានបន្ថែមថា ការងារជួយសង្គ្រោះបានបន្តនៅព្រឹកថ្ងៃអាទិត្យ។
លោក Macapili បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ទោះបីជាវាលំបាកខ្លាំងក៏ដោយ។
ភ្លៀងធ្លាក់ខ្លាំងបានវាយលុកទីក្រុង Davao de Oro ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ឡាយ លីហួ
