ទំហំពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុឆ្នាំ២០២៣ តំណាងឱ្យជាង ៧ភាគរយ នៃពាណិជ្ជកម្មសរុបកម្ពុជា

ភ្នំពេញ៖ តម្លៃនៃការនាំចេញ និងការនាំចូលទំនិញឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុរបស់កម្ពុជាបានកើនឡើងដល់៣,៣៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើង៣៤,៨ភាគរយធៀបនឹងឆ្នាំ២០២២។ ទំហំពាណិជ្ជកម្មនេះ តំណាងឱ្យជាង៧ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។
យោងតាមការប្រកាសរបស់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានឲ្យដឹងថា ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសមួយជាប់មាត់សមុទ្រ មានទីតាំងទាក់ទាញក្នុងការវិនិយោគ។ ជាមួយគ្នានោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ ជាក់ស្តែង គ្រាន់តែនៅពេញមួយឆ្នាំ២០២៣ ពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តមួយនេះ មានតម្លៃដល់ទៅ៣,៣៦ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត៣៥ភាគរយឯណោះ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ទំហំពាណិជ្ជកម្មតាមរយៈតំបន់សេដ្ឋកិច្ចពិសេសមួយនេះ តំណាងឱ្យប្រហែល៧,១៨ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។ ដោយឡែក មិនត្រឹមតែរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជានោះទេ ប៉ុន្តែក៏ជាការរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោជិត ឱ្យកាន់តែប្រសើរឡើងផងដែរ។
ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំ១១គីឡូម៉ែត្រការ៉េមួយនេះ បានទាក់ទាញការវិនិយោគសរុបចំនួន ២,២៧ពាន់លានដុល្លារ ដោយអាចផ្ទុកសហគ្រាសសរុបចំនួន១៨០មកពីប្រទេសជាច្រើនរួមមាន៖ ចិន អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសផ្សេងទៀតជុំវិញពិភពលោក។ វាបានរួមចំណែកបង្កើតការងារប្រហែល៣ម៉ឺនកន្លែងសម្រាប់ប្រជាជនក្នុងតំបន់។ សូមជម្រាបថា ខេត្តព្រះសីហនុសម្រេចបាន ការរៀបចំគម្រោងសាងសង់ផ្លូវថ្មីចំនួន៣៤ខ្សែ ហើយនិងកំពុងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ និងពង្រីកព្រលានយន្តហោះអន្តរជាតិ ជាពិសេស ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានតម្លៃជាង២ពាន់លានដុល្លារ បាននិងកំពុងជំរុញសក្តានុពលនៃខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែមានកម្រិតខ្ពស់ទ្វេដង។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហៅកាត់ថា SSEZ ជាការបណ្តាក់ទុនរួមគ្នាដោយវិនិយោគិនចិន និងកម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន៕

