បុរសម្នាក់ដើរទៅចំការដើម្បីគាស់ល្មៀត ជាន់មីនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ នៅស្រុកសំឡូត

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៨ និង០០នាទីព្រឹក នៅចំណុចភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់មីនបណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានរាយការណ៍ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ឹម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានដើរទៅចំការ ដើម្បីគាស់ល្មៀត ប៉ុន្តែត្រូវបានជួបគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (គ្រាប់មីន 69) បណ្តាលរងរបួស ជើងទាំង២ និងដៃ។
ក្រោយទទួលដំណឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូតបានចុះធ្វើការត្រួតពិនិត្យ និងដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយរថយន្តយោធា ដើម្បីសម្រាកព្យាបាល៕

