ឯកឧត្តម ម៉ូត យូសុះ ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារ រងគ្រោះភ្លើងឆេះផ្ទះ ៥គ្រួសារ ក្នុងស្រុកក្រូចឆ្មារ

ភ្នំពេញ៖ ឯកឧត្តម ម៉ូត យូសុះ សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាមសាខាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ចំនួន៥គ្រួសារ នៅភូមិ៣ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ លោក សុះ រំសី អភិបាលរងស្រុកក្រូចឆ្មារ លោក សាន់ សូទី សមាជិកក្រុមប្រឹក្សាស្រុក រួមនឹងក្រុមការយុវជន CMYA លោកនាយប៉ុស្តិ៍ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋមួយចំនួន។
សូមជម្រាបជូនថាអំណោយដែលគ្រួសាររងគ្រោះទទួលបានរួមមាន ថវិកា គ្រឿងឧបភោគបរិភោគដូចជា អង្ករ ទឹកត្រី ស្ករស ទឹកស៊ីអ៊ីវ អំបិល មី និង ប្រេងឆា ជូនដល់គ្រួសាររងគ្រោះផងដែរ៕
