នាវាទេសចរណ៍ខ្នាតធំដំបូងគេរបស់ប្រទេសចិនបានចាប់ផ្តើមដំណើរការសាកល្បង

សៀងហៃ៖នាវាទេសចរណ៍ដ៏ធំដែលផលិតក្នុងស្រុកដំបូងគេបង្អស់របស់ប្រទេសចិនគឺ “Adora Magic City” បានចាកចេញពីកំពង់ផែក្នុងទីក្រុងសៀងហៃកាលពីថ្ងៃអាទិត្យ ដោយចាប់ផ្តើមប្រតិបត្តិការសាកល្បងរបស់ខ្លួន។
ដោយដឹកភ្ញៀវដែលបានអញ្ជើញ និងសមាជិកនាវិកជិត ១,៣០០ នាក់មកពីជុំវិញពិភពលោក កប៉ាល់បានចេញដំណើរនៅពេលថ្ងៃត្រង់ថ្ងៃអាទិត្យ ពីចំណតនាវាទេសចរណ៍អន្តរជាតិ Shanghai Wusongkou ហើយត្រូវបានគេរំពឹងថានឹងត្រលប់មកស្ថានីយវិញនៅថ្ងៃច័ន្ទ។
ប្រតិបត្តិការសាកល្បងមួយផ្សេងទៀតត្រូវបានគ្រោងទុកបន្ទាប់ពីនោះ ដើម្បីរៀបចំសម្រាប់ដំណើរទេសចរណ៍ពាណិជ្ជកម្មទៅកាន់អាស៊ីឦសាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤។
Adora Magic City មានប្រវែង ៣២៣.៦ ម៉ែត្រ ជាមួយនឹងទម្ងន់សរុប ១៣៥,៥០០ តោន និងអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៥,២៤៦ នាក់នៅទូទាំងបន្ទប់ភ្ញៀវសរុបចំនួន ២,១២៥ នេះបើយោងតាមអ្នកសាងសង់របស់ខ្លួនគឺ CSSC Shanghai Waigaoqiao Shipbuilding Co., Ltd.វាមាន ១៦ ជាន់ និងទំហំសរុប ៤០,០០០ ម៉ែត្រការ៉េសម្រាប់ការរស់នៅ និងកន្លែងកំសាន្តសាធារណៈ។
