អណ្ដើកហ្លួងចំនួន៣ក្បាល ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក ត្រូវបានព្រលែងចូលទីជម្រកធម្មជាតិវិញ

ភ្នំពេញ៖ អង្គការWCS មានក្ដីសោមនស្សក្នុងការចូលរួមសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងអាជ្ញាធរមូលដ្ឋានលើកិច្ចការងារអភិរក្ស សត្វអណ្ដើកហ្លួងដែលជាសត្វប្រភេទដែលជិតផុតពូជបំផុតនៅលើពិភពលោក តាមរយៈសកម្មភាពព្រលែងអណ្ដើកចំនួនបីក្បាល (ញី១ក្បាល) ចូលទីជម្រកធម្មជាតិរបស់វាវិញដោយសុវត្ថិភាព ក្រោយពីទទួលបានការថែទាំសុខភាពពីក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS ប្រចាំស្រុកស្រែអំបិល ខេត្តកោះកុង អស់រយៈពេលជិត៣សប្តាហ៍។
អង្គការ WCS បានបញ្ជាក់ថា អណ្តើកទាំងបីក្បាលនោះ ត្រូវបានរាយការណ៍ថា បានជាប់សន្ទូច និងមងរបស់អ្នកនេសាទដែលបានដាក់ពង្រាយដើម្បីនេសាទត្រី។ តាមរយៈទិន្នន័យនៅក្នុងបន្ទះឈីប(Chip)ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារយើងអាចស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកបីក្បាលនោះ ត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលម្ដងហើយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ៕
