សម្ដេចធិបតី៖ ក្រោយថ្ងៃរំដោះ ៧មករា គ្រប់សាសនានៅកម្ពុជា ចាប់ផ្ដើមរស់រានឡើងវិញ ទទួលឱកាសក្នុងការគោរពប្រតិបត្តិដូចគ្នា ដោយមិនមានការរើសអើងឡើយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោយថ្ងៃរំដោះប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គ្រប់សាសនាទាំងអស់នៅកម្ពុជា ចាប់ផ្ដើមរស់រានឡើងវិញដូចគ្នា ទទួលឱកាសក្នុងការគោរពប្រតិបត្តិដូចគ្នា ដោយមិនមានការរើសអើងនោះឡើយ ។
ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយចំនួន១១អង្គ នៅវត្តមុនីសុវណ្ណ ហៅវត្តចចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាថ្ងៃទី១៧ ខែវិច្ឆិកា សម្ដេចធិបតី ថ្លែងថា នៅពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពីសាធារណរដ្ឋបារាំងនៅឆ្នាំ១៩៥៣ ពេលនោះគ្រប់សាសនាទាំងអស់គឺចាប់ផ្ដើមមានសេរីភាពប្រតិបត្តិឡើងវិញ ប៉ុន្តែជាអកុសល នៅពេលដែលប្រទេសកម្ពុជាធ្លាក់ ក្នុងសង្គ្រាមនៅទសវត្សទី៧០ គ្រប់សាសនាទាំងអស់ក៏ត្រូវបានរងគ្រោះ ប្រជាពលរដ្ឋដែលប្រតិបត្តិគ្រប់សាសនាទាំងអស់ត្រូវប៉ះពាល់ដោយសារសង្គ្រាម ពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៥-១៩៧៩ គ្រប់សាសនាទាំងអស់ត្រូវបានបិទ ហើយសមិទ្ធផលសាសនាជាច្រើនត្រូវបានបំផ្លាញ មិនថាព្រះពុទ្ធសាសនាថេរវាទ ពុទ្ធសាសនាមហាយាន គ្រិស្ដសាសនា ឬឥស្លាមសាសនានោះទេ។
សម្ដេចធិបតីបន្តថា ក្រោយថ្ងៃរំដោះប្រទេស និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពិសេសក្រោយពេលកម្ពុជាមានសុខសន្តិភាពពេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មកនោះ គ្រប់សាសនាទាំងអស់នៅកម្ពុជា ចាប់ផ្ដើមរស់រានឡើងវិញដូចគ្នា ទទួលឱកាសក្នុងការគោរពប្រតិបត្តិដូចគ្នា និងមានការជំរុញលើកទឹកចិត្តដូចគ្នា ដោយមិនមានការរើសអើងនោះឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការជំរុញនូវសិទ្ធិសេរីភាពគោរព ប្រតិបត្តិសាសនាជូនប្រជាពលរដ្ឋនៅកម្ពុជា គឺជាការចូលរួមកសាងនិងថែរក្សា បាននូវសុខដុមរមនាក្នុងវិស័យសាសនា ដែលអាចនិយាយបានថា «នៅកម្ពុជាគ្មានសាសនាណាមួយប្រកាន់ និន្នាការជ្រុលនិយមនោះទេ ទោះបីនៅក្នុងសាសនានីមួយៗ មានការបែងចែកនិកាយផ្សេងៗគ្នាក៏ដោយ»៕