សម្តេចធិបតី៖ តំបន់កោះនរា អាចរៀបចំជាកន្លែងសប្បាយៗជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទីតាំងតំបន់កោះនរា អាចរៀបចំជាកន្លែងសប្បាយៗជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល បានកែប្រែតំបន់ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ដែលធ្លាប់ជាកន្លែងលិចទឹក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ នឹងទទួលបានផលប្រយោជន៍ នៅតំបន់ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា។
សម្តេចធិបតី បានបញ្ជាក់ថា តំបន់ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា នឹងជួយសម្រួលដល់ប្រជាពលរដ្ឋយ៉ាងច្រើន ទាំងចរាចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ច ៕