សម្តេចធិបតី៖ កម្ពុជាបន្តសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាកថា រាជរដ្ឋាភិបាល នៅតែបន្តសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលជាផ្នែកមួយ នៃការពង្រឹងអំណាចទន់ (Soft Power) របស់កម្ពុជា ទៅលើឆាកអន្តរជាតិ។
សម្តេចធិបតីបន្ថែមថា ក្នុងនាមជាប្រទេស ដែលមានបទពិសោធន៍ ចំពោះបញ្ហាគ្រាប់មីន កម្ពុជាក៏នឹងចែករំលែកនេះ ដល់គ្រប់បណ្ដាប្រទេសទាំងអស់ ដែលនេះ ជាសកម្មភាពមនុស្សធម៌សុទ្ធសាធ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តបន្តចូលរួមសកម្មភាពមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ ពីព្រោះកម្ពុជា មិនចង់ឃើញសោកនាដកម្មដ៏ជូរចត់នេះ កើតឡើងទៅលើមនុស្សជាតិដទៃទៀតនោះទេ៕


