ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ជួបសំណេះសំណាលជាមួយនិវត្តជនក្រសួងអធិការកិច្ច ក្រោមប្រធានបទ «នំខ្មែរថែសន្តិភាព»

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង ពិសេសវត្តមានរបស់លោកពូ អ្នកមីង បងៗ ដែលជាអតីតមន្រ្តីរាជការធ្លាប់បានបម្រើការងារ ក្រោមឱវាទក្រសួង សរុប ៣០៦នាក់ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាទីស្តីការក្រសួងអធិការកិច្ច។
ថ្លែងក្នុងពិធី ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីអំពីគោលបំណងធំៗចំនួនពីរ ក្នុងការរៀបចំឱ្យមានពិធីនេះឡើង៖ ទី១.គឺដើម្បីជាឱកាសជួបជុំគ្នារវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាមួយនិវត្តជនដែលជាសក្ខីភាពនៃការផ្សារភ្ជាប់មនោសញ្ចេតនា ការទទួលស្គាល់គុណតម្លៃ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជុំវិញមហាគ្រួសារមន្រ្តីរាជការអធិការកិច្ច ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីថែរក្សាទំនាក់ទំនង ការផ្ដាំផ្ញើរសាកសួរសុខទុក្ខគ្នាទៅវិញទៅមក សំដៅរឹតចំណងមិត្តភាព សាមគ្គីភាពរវាងមន្រ្តីរាជការជំនាន់មុន និងមន្រ្តីរាជការបច្ចុប្បន្នប្រកបដោយក្តីនឹករលឹក ភាពកក់ក្តៅក៏ដូចជាការគិតគូរ ដល់អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ជាច្រើន ក្នុងការបម្រើការងារជូនក្រសួងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីនាពេលកន្លងមកផង និងទី២.គឺប្រធានបទនំខ្មែរថែសន្តិភាពជាការចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ។
ក្នុងឱកាសដ៏សប្បាយរីករាយនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរដល់សុខទុក្ខនិវត្តជន និងក្រុមគ្រួសារ ព្រមទាំងនឹករលឹកដល់អតីតមន្រ្តីរាជការដែលធ្លាប់បម្រើការជូនក្រសួងកន្លងមកក្រោមដំបូលរាជរដ្ឋាភិបាលប្រកបដោយភក្តីភាព ហើយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សម្ដេច បានផ្ដាំផ្ញើនូវការអរគុណ និងជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិសេសលោកពូ អ្នកមីង និងបងៗជានិវត្តជនទាំងអស់ សូមឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ថ្លែងបន្តក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធី អំពីជោគជ័យជាប្រវត្តិសាស្រ្តថ្មីរបស់ក្រសួង ដែលព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យរាជានុញ្ញាតប្តូរឈ្មោះក្រសួងទៅជា ក្រសួងអធិការកិច្ច កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅ និងបានជម្រាបជូន អំពីសារបាននៃការប្តូរឈ្មោះក្រសួង ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ថា ការប្តូរឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” មកជា “ក្រសួងអធិការកិច្ច” គឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅបន្តការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្ដោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពសា្ថប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍ-មូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម។
ឯកឧត្តរដ្ឋមន្រ្តី បានជម្រាបបញ្ជាក់បន្ថែមថា ថ្វីត្បិតតែថ្ងៃនេះ យើងមិនបានជួបជាមួយនិវត្តជនទាំងអស់របស់ក្រសួងក្តី ព្រោះក្នុងពេលនេះក៏មានលោកពូ អ្នកមីង បងៗ ជានិវត្តជនរបស់យើងមួយចំនួន បាននិងកំពុងសម្រាកព្យាបាលជម្ងឺផងដែរ ហើយឯកឧត្តមក៏គ្រោងនឹងដាក់កម្មវិធីចុះសាកសួរសុខទុក្ខពួកគាត់ដោយផ្ទាល់តាមពេលវេលាសមស្របណាមួយតែម្តង។
មុននឹងបញ្ចប់ ឯកឧត្តរដ្ឋមន្រ្តី ក៏បានផ្តល់ជូនសម្រាប់លោកពូ អ្នកមីង និងបងៗ ជានិវត្តជនដែលអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលថ្ងៃនេះ ដោយទទួលបាននូវកម្រងស្នាដៃជាសៀវភៅរបស់សម្តេចតេជោ សៀវភៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពល របស់សម្តេចមហាបវរធិបតី, នំខ្មែរ ម្នាក់ ១កន្រ្តក និងថវិកាម្នាក់ៗ១០ម៉ឺនរៀល ហើយសម្រាប់ថ្នាក់ដឹកនាំក្រសួងក៏បានទទួលបាននូវអំណោយជាសៀវភៅ និងនំខ្មែរដូចគ្នាផងដែរ ៕
