រដ្ឋមន្ត្រីក្រសួងធនធានទឹក ផ្ដល់អំណោយដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ (តំបន់អានសេះ) ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ លោក ភួន ចន្ថា នាយករងខុទ្ទកាល័យ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃសោរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បាននាំយកថវិកាចំនួន ២០,០០០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនមានដូចជា អង្គរផ្កាម្លិះ២តោន មី៥០កេស ត្រីខ៣០កេស ស្រាបៀរ៥០កេស និងទឹកសុទ្ធ៥០កេស ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ (តំបន់អានសេះ) ដែលជាអង្គភាពសម្ព័ន្ធមេត្រីរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ប្រើប្រាស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។
ក្នុងនាមសមរភូមិក្រោយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម តាមរយៈលោកនាយករងខុទ្ធកាល័យ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ស្មោះអស់ពីចិត្តជូនចំពោះ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង ពលទាហាន ពលទាហានរងទាំងអស់ ដែលកំពុងតែឈរជើងនៅក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (តំបន់អានសេះ) ដែលតែងប្រកាន់ខ្ជាប់នូវគោលជំហរការពារបូរណភាពទឹកដីគ្រប់ពេលវេលា ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ។
ក្នុងឱកាសនោះ ឯកឧត្តម ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដែលបានចាត់គណៈប្រតិភូនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមកឧបត្ថម្ភដល់ទីបញ្ជាការផ្ទាល់ ដែលនេះជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់កងទ័ព ជាពិសេសនៅបញ្ជាការដ្ឋានរបស់ឯកឧត្តម ៕
