សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ បច្ចុប្បន្នកម្ពុជា មាននាយទាហាន ច្រើនជាងពលទាហាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានចំនួននាយទាហាន ច្រើនជាងចំនួនពលទាហាន ។
ក្នុងឱកាសសម្តេចបានអញ្ជើញជាធិបតីភាពប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» នាថ្ងៃទី៥ តុលានេះ សម្ដេចធិបតីបានណែនាំឱ្យបង្វែរអាហារូបករណ៍ ដែលប្រទេសជាមិត្តបន្តផ្តល់អាហារូបរកណ៍ សម្រាប់បណ្តុះបណ្តាលកម្រិតនាយទាហាន មកបណ្តុះបណ្តាលកម្រិតពលទាហានជំនួសវិញ ។
សម្តេចធិបតីបញ្ជាក់ថា «ខ្ញុំបានប្រាប់ទៅឯកឧត្តម ទៀ សីហា ដូចគ្នា យើងរាល់ថ្ងៃមាននាយទាហានច្រើនជាង ពលទាហាន ដោយសារយើងមានសង្គ្រាម យើងចេះតែកើនទៅ យើងចូលនិវត្តន៍ ប៉ុន្តែបញ្ហាផែនការបណ្តុះបណ្តាលប្រចាំឆ្នាំយើងបណ្តុះបណ្តាលនាយទាហានទាំងអស់ អត់មានផែនការពលទាហានទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា «នាយទាហានទៅណាបើច្រើនពេក បើគាត់រៀនមកយើងតែងតាំងអត់កើត ព្រោះទាហាន គឺតាមស័ក្តិ មានប្រអប់ អ៊ឹចឹងត្រូវគិត មែនថាពីមុនខុសទេ ពីមុនយើងធ្វើតាមផែនការ ប៉ុន្តែដល់ពេលមួយយើងត្រូវអង្គុយមួយភ្លែតសិន ផែនការឆ្នាំចាស់ ផែនការមនុស្សសរសេរទេ ភាគីមិត្តដែលឱ្យមក យើងក៏មានសិទ្ធិប្រាប់ទៅវិញថា សូមឱ្យភាគីមិត្តជួយបង្វែរមកបណ្តុះបណ្តាលពលទាហាន» ៕
