ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រកាសតែងតាំងមុខតំណែង ឯកឧត្ដម ប្រាក់ សោភ័ណ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប

ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប ដែលប្រព្រឹត្តិទៅនៅក្នុងសាលប្រជុំធំ សាលាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ គណៈអធិបតី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំង លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាបផងដែរ។
ក្នុងឱកាសពិធីប្រកាសតែងតាំងមុខតំណែងនេះ ឯកឧត្ដមប្រធាន បានថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់នូវសេចក្តីទុកចិត្តចំពោះរូបឯកឧត្តមប្រធានផ្ទាល់ ក្នុងមុខតំណែងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងថ្លែងអំណរគុណដល់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាអធិបតីក្នុងពិធីនេះផងដែរ ៕
