ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់៖ គួរឈប់និយាយពីបញ្ហាមូលដ្ឋានយោធាបរទេសនៅកម្ពុជាតទៅទៀត ពីព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រាប់ពិភពលោករួចហើយ

ភ្នំពេញ៖ ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ចាប់ពីពេលនេះតទៅ គួរឈប់និយាយពីបញ្ហាមូលដ្ឋានយោធាបរទេសនៅកម្ពុជាតទៅទៀត ពីព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រាប់ពិភពលោករួចហើយថា កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួន នោះឡើយ។
ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានទៅចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ មានប្រសាសន៍ថា នៅក្នុងដំណើរបំពេញបេសសកម្មនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឡើងថ្លៃសុរន្ទកថា នៅលើវេទិកា នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។ ក្នុងវេទិកានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវសារនយោបាយសំខាន់ៗចំនួន ៣ ដើម្បីបញ្ជូនទៅកាន់សហគមន៍អន្តរជាតិ។
សារនយោបាយទាំងនោះ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងទៅកាន់ពិភពលោកឲ្យយល់កាន់តែច្បាស់នូវជំហរឯករាជ្យ អព្យាក្រឹត្យរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។
ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ បានរំលឹកសារនយោបាយសំខាន់ៗ ៣ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិគឺ ទី១. កម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាដែរ លើកកម្ពស់ និងតម្កល់ផលប្រយោជន៍ជាតិរបស់កម្ពុជាជាធំ។ ទី២. កម្ពុជា ពង្រឹងមិត្តភាពដែលមានស្រាប់ និងពង្រីកមិត្តភាពបន្ថែម បើកដៃ បើកបេះដូង ទៅរកមិត្តភាពថ្មី។ ទី៣. កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធា នៅលើទឹកដីកម្ពុជាទេ ដែលចំណុចនេះមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕
