ផ្លែឈើព្រៃជាច្រើនមុខដែលប្រជាពលរដ្ឋបេះមកពីព្រៃ ត្រូវបានយកមកដាក់លក់នៅតាមដងផ្លូវក្នុងតំបន់អង្គរ

ភ្នំពេញ៖ ព្រៃឈើនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ជុំវិញរមណីយដ្ឋានអង្គរ តែងតែផ្តល់អនុផលដល់ប្រជាពលរដ្ឋរស់នៅតំបន់នេះជាបន្តបន្ទាប់មិនដែលដាច់ទៅតាមរដូវកាលរបស់វា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរនេះ កំពុងតែប្រមូលអនុផលព្រៃឈើជាច្រើនមុខ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ជុំវិញយកមកលក់ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចូលចិត្តហូបផ្លែទាំងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ AKP។
បើតាមអ៊ំស្រី ដៀក គឿម រស់នៅភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិនេះ តែងតែនាំគ្នាទៅបេះផ្លែឈើព្រៃមកដាក់លក់តាមដងផ្លូវនានាក្នុងតំបន់អង្គរនេះ ដោយមានទីតាំងផ្សេងៗគ្នា។ ហើយសម្រាប់ក្រុមអ៊ុំស្រី គឺលក់នៅទីតាំងខាងជើងប្រាសាទព្រះខ័ន។
អ៊ំស្រីបានបន្តថា ផ្លែឈើព្រៃដែលកំពុងទុំបច្ចុប្បន្ននេះ មានផ្លែត្រៀល ទំពាំងបាយជូព្រៃ ផ្លែស្រម៉រ រួមជាមួយដំឡូងទៀន ពងអង្ក្រង រួមជាមួយផ្លែឈើហូបផ្លែរជាច្រើនទៀត។ ក្រៅពីនេះ ក៏មានផលដំណាំផ្សេងៗដែលដាំដោយពួកគាត់ផ្ទាល់ ក៏បានយកមកដាក់លក់ជាមួយគ្នាខ្លះៗដែរ។
អ៊ំស្រី ដៀក គឿម បានបន្តថា ផ្លែឈើព្រៃនេះ មានមួយចំនួនបេះនៅក្នុងព្រៃក្នុងតំបន់អង្គរ និងខ្លះទៀតបេះមកពីព្រៃនៅជុំវិញនេះ។ ប៉ុន្តែសម្រាប់រដូវកាលនេះ ផ្លែឈើនៅក្នុងព្រៃអង្គរបេះមិនសូវបានទេ ដោយសារតែសត្វស្វាវាស៊ីអស់។ អ៊ំស្រីបន្តថា ផ្លែឈើព្រៃខាងលើនេះ ចាប់ផ្តើមទុំចាប់ពីខែកក្កដា ហើយអស់នៅត្រឹមខែតុលា។ សម្រាប់ផ្លែត្រៀល ទំពាំងបាយជូព្រៃ គឺលក់ក្នុង១ចង្កោមតម្លៃ ៨ពាន់រៀល ឬតាមទៅតូចធំជាក់ស្តែង។
អ៊ំស្រី បានបន្តទៀតថា បន្ទាប់ពីផ្លែឈើព្រៃខាងលើនេះផុតអស់ រដូវផ្លែគុយទុំ និងសេមាន់រួមជាមួយផ្លែឈើផ្សេងៗទៀតបានមកដល់ ដូចនេះពួកគាត់ទទួលបានអនុផលព្រៃឈើ នៅក្នុងតំបន់អង្គរនេះ ជាបន្តបន្ទាប់គ្រប់រដូវកាល៕
