បុរសម្នាក់លង់ទឹកអាងកំពីងពួយស្លាប់បាត់បង់ជីវិត នៅស្រុកបាណន់

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទី នៅចំណុចក្នុងអាងកំពីងពួយ ក្រុមទី១៧ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ គង់ វឌ្ឍនា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុមទី១៧ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះបានបើកទូកស្មាច់ចេញពីផ្ទះ ទៅក្នុងអាងកំពីងពួយតាំងពី វេលាម៉ោង ១៩និង៣០នាទី នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង ០៧ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ទើបបានឃើញសាកសពតែអណ្តែត នៅក្នុងអាងកំពីងពួយកន្លែងធ្លាប់ទៅមើលលបដាក់មង។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុក សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ គង់ វឌ្ឍនា ពិតជាធ្លាក់លង់ទឹកអាងកំពីងពួយស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
