អូស្ត្រាលី ជាប្រទេសដែលគាំទ្រ ប្រព័ន្ធសុខាភិបាលកម្ពុជា យូរអង្វែងណាស់មកហើយ រួមទាំងផ្នែកសុខភាពភ្នែក

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូត វ៉ាយ អេត បានទទួលស្វាគមន៍ក្រុមគ្រូពេទ្យឯកទេសជំងឺភ្នែកកម្ពុជាចំនួន ១៤រូប មកកាន់ស្ថានទូតអូស្ត្រាលី ដើម្បីអបអរសាទរ ក៏ដូចជាជូនពរពួកគាត់ឱ្យទទួលបានជោគជ័យក្នុងការសិក្សាកម្មវិធីអាហារូបករណ៍ Australia Awards Fellowship នៅឯអូស្ត្រាលី។
កម្មវិធីអាហារូបករណ៍នេះ នឹងផ្តល់ឱកាសសម្រាប់ក្រុមគ្រូពេទ្យភ្នែករបស់យើងក្នុងការបង្កើនជំនាញ និងទទួលបានការណែនាំដោយផ្ទាល់តាមរយៈការជួបប្រាស្រ័យទាក់ទងជាមួយផ្នែកសេវានិងឧស្សាហកម្មថែរក្សានិងព្យាបាលភ្នែកតាមមន្ទីរពេទ្យ និងគ្លីនិកឯកជននៅអូស្ត្រាលី។
កម្មវិធីអាហារូបករណ៍ Australia Awards Fellowships ជួយអង្គការអូស្ត្រាលីនានាជួបជាមួយអ្នកដឹកនាំ និងអ្នកជំនាញជាច្រើនរូបមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
តាមរយៈការទទួលស្វាគមន៍និសិត្សមកកាន់ប្រទេសអូស្ត្រាលី កម្មវិធីអាហារូបករណ៍នេះ ជួយលើកកម្ពស់ការបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹង ក៏ដូចជាឱកាសសម្រាប់និសិត្សក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកដែលនៅក្នុងវិស័យដូចគ្នា។
