សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលជោគជ័យ នៃបេសកកម្មការងារ របស់នៅឥណ្ឌូនេស៊ី ជាសមិទ្ធផលសម្រាប់ពលរដ្ឋខ្មែរទាំងមូល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សមិទ្ធផលជោគជ័យនៃបេសកកម្មការងារ របស់សម្តេចនៅឥណ្ឌូនេស៊ី គឺជាសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនជាសមិទ្ធផលផ្ទាល់ខ្លួនរបស់សម្តេចនោះឡើយ។
ក្នុងពេលដែលអញ្ជើញសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី បន្ថែមថា ការអញ្ជើញទៅប្រជុំនៅឥណ្ឌូនេស៊ី មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីផលប្រយោជន៍ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានទទួលនូវការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅ ពីបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ដែលចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ឥណ្ឌូណេស៊ី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា សម្តេច បានទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់ រួមមានការលើកអង្ករឱ្យឥណ្ឌូនេស៊ី បាន ២៥ម៉ឺនតោនក្នុងមួយឆ្នាំ, បើកការហោះហើរជាមួយឥណ្ឌូនេស៊ី ហ្វីលីពិន និងការសាងសង់បណ្តាញបញ្ជូនថាមពលទៅសិង្ហបុរី ៕
