វិទ្យាស្ថានប៉ាស្ទ័រសហការជាមួយក្រុមហ៊ុនមួយរៀបចំវគ្គសិក្សាស្ដីពីការអនុវត្តសុវត្ថិភាពចំណីអាហារ

ភ្នំពេញ៖វិទ្យាស្ថានប៉ាស្ទ័រ(IPC) និងក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈឈ្មោះថា b.Consulting Cambodia នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បានចុះអនុស្សារណៈយោគយល់គ្នាលើការសហការរវាងគ្នានិងគ្នា រៀបចំនូវកម្មសិក្សា ឬវគ្គបណ្ដុះបណ្ដាលថ្មីមួយស្ដីពីការអនុវត្តសុវត្ថិភាពចំណីអាហារ។
ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ខាងភាគីវិទ្យាស្ថានប៉ាស្ទ័រមានលោក អង់ដ្រេ ស្ពីហ្គែល(Andre SPIEGEL)ប្រធានវិទ្យាស្ថានប៉ាស្ទ័រជាតំណាង ហើយខាងក្រុមហ៊ុន b.Consulting Cambodia គឺមានលោក ហ្វ្លូរ៉ង់ បូហេម (Florian BOHEME) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ។
វគ្គបណ្ដុះបណ្ដាលច្បាស់លាស់បានផ្ដល់នូវឱកាសដ៏សំខាន់មួយដល់អាជីវកម្មម្ហូបអាហារក្នុងអនុលោមតាមច្បាប់ ព្រមទាំងផ្ដល់ភាពបត់បែន ក្នុងការបង្កើតប្រព័ន្ធសុវត្ថិភាពចំណីអាហារដែលស្របតាមតម្រូវការរបស់ក្រុមហ៊ុន។ កម្មវិធីនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលជាភាសាខ្មែរ និងភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាពដោះស្រាយឧបសគ្គនៃការទំនាក់ទំនង និងសម្របសម្រួលការយល់ដឹងឱ្យបានទូលំទូលាយសម្រាប់អ្នកចូលរួមទាំងអស់។
កម្មវិធីសិក្សា ឬវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តសុវត្ថិភាពចំណីអាហារផ្ដល់ការបណ្ដុះបណ្ដាលយ៉ាងទូលំទូលាយសម្រាប់បុគ្គលិកផ្នែកអាហារ និងភេសជ្ជៈ ដែលនៅក្នុងវិស័យឧស្សាហកម្មនេះ។ វគ្គបណ្ដុះបណ្ដាលនេះដែរនឹងគ្រប់ដណ្ដប់លើប្រធានបទសំខាន់ៗដូចជា៖ ការទប់ស្កាត់ការចម្លងរោគអាហារ នីតិវិធីប្រតិបត្តិការស្តង់ដារសម្រាប់សុវត្ថិភាពចំណីអាហារ និងការអនុលោមតាមតម្រូវការបទប្បញ្ញត្តិក្រោមច្បាប់សុវត្ថិភាពចំណីអាហារថ្មី។
នៅពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាម ក៏ដូចជាអ្នកចូលរួមសិក្សានឹងទទួលបានចំណេះដឹង និងជំនាញដែលត្រូវការដើម្បីប្រើប្រាស់ក្នុងការរក្សាបរិយាកាសសុវត្ថិភាព និងអនុលោមទៅតាមឧស្សាហកម្មម្ហូបអាហារ។
សូមបញ្ជាក់ថា នៅក្នុងវិស័យឧស្សាហកម្មម្ហូបអាហារសុវត្ថិភាព គឺជាអាទិភាពចម្បង ដើម្បីជួយការពារអ្នកបរិភោគ និងអ្នកប្រើប្រាស់ពីហានិភ័យសុខភាព រួមទាំងការពារឧស្សាហកម្មពីផលវិបាកផ្នែកច្បាប់។ ជារួមសម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ក្រុមហ៊ុន b.Consulting Cambodia សហការរៀបចំមធ្យោបាយងាយស្រួលសម្រាប់ឧស្សាហកម្មភោជនីយដ្ឋាន និងក្រុមអាជីវកម្មទទួលបានចំណេះដឹងចាំបាច់ ដើម្បីឱ្យស្របតាមច្បាប់សុវត្ថិភាពចំណីអាហារថ្មី ខណៈវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា(IPC) នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលដោយមានគោលបំណងបញ្ជូនព័ត៌មានសំខាន់ៗអំពីហានិភ័យនៃការចម្លងរោគអាហារ និងកម្មវិធីអនុវត្តប្រធានបទHACCP។
គួររម្លឹកថា ប្រទេសកម្ពុជាបានចែងច្បាប់ថ្មីស្ដីពីសុវត្ថិភាពចំណីអាហារ ដែលចូលជាធរមាននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានការកំណត់ក្របខ័ណ្ឌច្បាប់ និងយន្តការគ្រប់គ្រងសុវត្ថិភាព គុណភាព និងអនាម័យនៃផលិតកម្មចំណីអាហារ និងអាជីវកម្មពាក់ព័ន្ធគ្រឿងបរិភោគ៕
