កម្ពុជា-ចិន និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង និងរូបឯកឧត្តមផ្ទាល់ ជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរ សម្តេចធិបតី ក៏សូមពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និង នឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និងប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ ប្រទេសចិន នាពេលខាងមុខដ៏ខ្លីនេះ។
ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ឯកឧត្ដម លី ឈាង ឱ្យទទួលបានជោគជ័យក្នុង បេសកកម្មបន្តទៀតនាថ្ងៃអនាគត និង សូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ៕
