រុស្សីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធចំនួន ០២គ្រឿង ដែលធ្វើដំណើរឆ្ពោះទៅទីក្រុងមូស្គូ

បរទេស៖ អភិបាលក្រុងមូស្គូបានឲ្យដឹងថា ការការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធចំនួន ០២គ្រឿង ដែលធ្វើដំណើរឆ្ពោះទៅទីក្រុងមូស្គូ ដែលជាការវាយលុកចុងក្រោយបំផុតនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើរដ្ឋធានីរបស់ប្រទេសរុស្ស៊ី។
អភិបាលក្រុងមូស្គូលោក Sergei Sobyanin បានឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានធ្លាក់នៅតំបន់ Domodedovo នៅជាយក្រុងភាគខាងត្បូង ខណៈយន្តហោះទីពីរត្រូវបានបាញ់ទម្លាក់នៅតំបន់ផ្លូវហាយវេ Minsk ភាគខាងលិចរដ្ឋធានី។
ការប៉ុនប៉ងរបស់យន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួនពីរដើម្បីហោះហើរចូលទៅក្នុងទីក្រុងត្រូវបានកត់ត្រាទុក។ លោក Sergei Sobyanin បានសរសេរនៅលើបណ្តាញផ្ញើសារ Telegram ដោយមិនបញ្ចេញឈ្មោះអ្នកវាយប្រហារ។
លោកបានថ្លែងថា នៅពេលនេះ មិនមានព័ត៌មានអំពីជនរងគ្រោះនៃការធ្លាក់យន្តហោះនោះទេ ដោយបន្ថែមថាសេវាសង្គ្រោះបន្ទាន់គឺនៅលើដី។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីក៏បានរាយការណ៍ផងដែរអំពីការប៉ុនប៉ងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃពុធ ដោយបានលើកឡើងពីក្រសួងការពារជាតិរបស់ប្រទេសនេះថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនត្រូវបានបំផ្លាញក្នុងការប៉ុនប៉ងវាយប្រហារទីក្រុងមូស្គូ។
ការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើក គឺជាការប៉ុនប៉ងវាយប្រហារលើកទី៣ លើទីក្រុងមូស្គូក្នុងរយៈពេលមួយសប្តាហ៍។
យោងតាមមន្ត្រីរុស្ស៊ីបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនត្រូវបានទម្លាក់កាលពីថ្ងៃអាទិត្យនៅក្នុងសង្កាត់ Podolsky នៅជាយរាជធានី និងកាលពីថ្ងៃចន្ទនៅជិតតំបន់ Kaluga។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ០៧គ្រឿងផងដែរនៅជិត Kaluga ដែលមានចម្ងាយតិចជាង ២០០ គីឡូម៉ែត្រ (១២៤ ម៉ាយ) ភាគនិរតីនៃទីក្រុងម៉ូស្គូ។
ថ្មីៗនេះ ទីក្រុងមូស្គូបានក្លាយជាគោលដៅវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើកដែលបាញ់ចេញពីអ៊ុយក្រែន។ កាលពីថ្ងៃទី៣០ ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានថា សង្រ្គាមកំពុងមកដល់ប្រទេសរុស្ស៊ី ដោយមជ្ឈមណ្ឌលនិមិត្តសញ្ញា និងមូលដ្ឋានយោធា របស់ប្រទេសនេះក្លាយជាគោលដៅ។
ប្រភព៖ Aljazeera
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
