ចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ និងក្លែងបន្លំឯកសារសាធារណៈ (ប្រើផ្លាកលេខក្លែងក្លាយ)។
របាយការណ៍ដដែលបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានជិះម៉ូតូល្បាតតាមដងផ្លូវដល់ចំណុចមុខផ្សារទំនើបចិន ឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទេះឃើញម៉ូតូ០២គ្រឿង កំពុងឈប់នៅមុខផ្សារទំនើបចិន ដោយមានបុរសជនជាតិខ្មែរ៥នាក់ អង្គុយនៅលើម៉ូតូ ក្នុងនោះមាន៣នាក់ អង្គុយនៅលើម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ និង២នាក់ទៀត អង្គុយនៅលើ ម៉ូតូ១គ្រឿង ម៉ាក និច ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ1JX-0381 គួរឲ្យសង្ស័យទើបកម្លាំងសមត្ថកិច្ចយើងចូលទៅសួរនាំ និងត្រួតពិនិត្យ។
ភ្លាមនោះស្រាប់តែជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួន កម្លាំងសមត្ថកិច្ចបានជិះដេញតាមដល់ចំណុចផ្លូវមុខផ្ទះសម្តេចតេជោ ហ៊ុន សែន ឆ្នេរអូរឈើទាល ទើបស្ទាក់ឃាត់បានម៉ូតូ ១គ្រឿង ម៉ាក និច និងជនសង្ស័យ២នាក់ រីឯជនសង្ស័យ៣នាក់ទៀត ដែលជិះម៉ូតូ ម៉ាក Honda Dream C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ បានជិះម៉ូតូរត់គេចខ្លួនបាត់ កម្លាំងសមត្ថកិច្ចយើងបានបន្តការស្រាវជ្រាវរហូតដល់វេលាម៉ោង០៤៖៣០នាទីល្ងាច ទើបឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន២នាក់បន្ថែមទៀត យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។
បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ បានប្រព្រឹត្តិបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ និងក្លែងបន្លំឯកសារសារធារណៈ (ប្រើផ្លាកលេខម៉ូតូក្លែងបន្លំ)។ ជនសង្ស័យទាំង៤នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១៖ ឈ្មោះ អុន ជូ អាយុ១៩ឆ្នាំ មុខរបរដឹកម្ហូប មានទីលំនៅភូមិកម្ចីចាស់ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ទី២៖ ឈ្មោះ ពេជ្រ ចន្ថា ហៅក្រៅ អាធ្មេញ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ រាជធានីភ្នំពេញ។
ទី៣៖ ឈ្មោះ ប៊ុន សុខមាន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ទី៤៖ ឈ្មោះ យឹម គីមហាក់ ហៅក្រៅ អាតឿ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
សម្ភារវត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1JX-0381 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) និងម៉ូតូ១គ្រឿង ម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខកំពត 1V-2834 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) និងសម្ភារផ្សេងៗមួយចំនួន។
ចំពោះជនសង្ស័យទាំង៤នាក់ខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
