បណ្ឌិត ហ៊ុន ម៉ាណែត លើក ៣ចំណុច ពីលក្ខណៈសម្បត្តិខុសគ្នា នៃមេដឹកនាំរវាងសម្តេចតេជោ ហ៊ុន សែន និងជនក្បត់ជាតិ សម រង្ស៊ី

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត នៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានចេញវីដេអូមួយ ដោយធ្វើការប្រៀបធៀបពីភាពខុសគ្នាចំនួន ៣ចំណុច រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក សម រង្ស៊ី ដែលជាមេដឹកនាំក្រុមឧទ្ទាមកំពុងរស់នៅក្រៅស្រុក។
៣ចំណុចដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើការប្រៀបធៀប ដើម្បីឱ្យប្រជាពលរដ្ឋពិចារណារួមមាន៖
ទី១៖ សម្តេចតេជោ ហ៊ុន សែន ខ្លាចប្រទេសមានសង្គ្រាម និងខ្លាចប្រទេសអស្ថិរភាព ខណៈលោក សម រង្ស៉ី ខ្លាចប្រទេសមានស្ថិរភាព ទើបបានជាលោកតែងតែអំពាវនាវឲ្យមានការបះបោរ។
ទី២៖ សម្តេចតេជោ ហ៊ុន សែន ខ្លាចប្រជាពលរដ្ឋអត់មានការងារធ្វើ បានជាខិតខំជំរុញឲ្យគេមកវិនិយោគ និងបង្កើតការងារ ខណៈលោក សម រង្ស៉ី ខ្លាចប្រជាពលរដ្ឋមានការងារល្អ បែរជាទៅអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាផ្តាច់ EBA និង GSP ។
ទី៣៖ សម្តេចតេជោ ហ៊ុន សែន ខ្លាចប្រជាពលរដ្ឋស្លាប់ដោយសារកូវីដ១៩ បានជាខិតខំរកវ៉ាក់សាំង និងដាក់ចេញនូវយន្តការនានា តែលោក សម រង្ស៉ី មិនដែលអំពាវនាវឲ្យបរទេសផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជាទេ ពោលគិតតែបន្តអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា៕
