ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ដល់ពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ស័ង្កសី ចំនួន ៧០០០សន្លឹក ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានផ្តល់ជូនអង្គភាព កងពលតូចថ្មើរជើងលេខ៥១ សម្រាប់ជួយដល់គ្រួសារយោធិន និងប្រជាពលរដ្ឋ ដែលមានជីវភាពជួបការលំបាក ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដូចជាខ្យល់កន្រ្តាក់ និងទឹកជំនន់។ ល។
អំណោយត្រូវបានក្រុមការងារជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដើម្បីរក្សាទុក នៅទីបញ្ជាការ កងពល និងបែងចែកមួយចំនួន ជូនតាមអង្គភាពវរសេនាតូច ចំនួន ៣ ឈរជើងនៅជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធានាបានការជួយសង្រ្គោះដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា តាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាព កងពលតូចថ្មើរជើងលេខ៥១ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ ការរស់នៅ របស់យោធិន គ្រួសារយោធិន និងបងប្អូនអតីតយុទ្ធជន សំដៅលើកកម្ពស់គុណភាព ការរស់នៅរបស់កងទ័ពឲ្យកាន់តែប្រសើរ ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាក និងជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ៕
