វិហារឥស្លាម និងសមិទ្ធផលនានា តម្លៃជាង ២៤ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅស្រុកត្បូងឃ្មុំ
ភ្នំពេញ៖ វិហារឥស្លាម ជាមៀកខទីជះ ពិនតីឃូវ៉ៃលីទ និងសមិទ្ធនានា ចំណាយថវិកាសរុប ២៤២,១៤៧ (ម្ភៃបួនម៉ឺន ពីរពាន់មួយរយ សែសិបប្រាំពីរ) ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដែលថវិកាចំណាយទាំងអស់ទទួលបានពីសប្បុរសជន ពីប្រទេសបាសរ៉ែន ក៏ដូចជាសប្បុរសជនផ្សេងទៀត ទាំងក្នុង និងក្រៅប្រទេស។
វិហារឥស្លាម ជាមៀកខទីជះ ពិនតីឃូវ៉ៃលីទ ស្ថិតនៅភូមិឈើទាលតូច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នាព្រឹកថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា អ្វីៗទាំងអស់ដែលដែលយើងមានដូចសព្វថ្ងៃដោយសារសន្តិភាព ហើយសន្តិភាពកើតមានឡើង ដោយនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបគ្រប់វិស័យកើតមានរួមទាំងវិស័យជំនឿសាសនា ដែលគ្រប់សាសនាទាំងអស់ត្រូវបានរស់ឡើងវិញ បន្ទាប់ពីការដួលរលំរបបវាលពិឃាតប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។
ឯកឧត្ដមបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលបានបើកទូលាយ ដល់ប្រជាជនកម្ពុជា ក្នុងការទទួលអំណោយមនុស្សធម៌ មកពីបណ្ដាប្រទេសនានា ដើម្បីចូលរួមអភិឌ្ឍនៅកម្ពុជា។
ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា សាសនិកឥស្លាមកម្ពុជា ពិតជាគោរពដឹងគុណ និងមានមានមោទនភាពក្រៃលែង ដែលរាជរដ្ឋាភិបាលមាន ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ បាននឹងកំពុងដឹកនាំដោយបានលើកកម្ពស់ការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជាបន្តបន្ទាប់ នូវរាល់សំណូមពរ និងកង្វល់ ទាំងឡាយរបស់ជនរួមជាតិ រួមទាំងបងប្អូនខ្មែរឥស្លាម ដែលមានតម្រូវការ ដោយការយកចិត្តទុកដាក់ជាទីបំផុត។
សូមជម្រាបជូនថា វិហារឥស្លាមនេះ បានកសាងដោយការមូលមតិគ្នា ហាកឹម គណៈអីម៉ាំម៉ាស្ជិទភូឈួយ និងសប្បុរសជនក្នុង និងក្រៅប្រទេស ព្រមទាំងប្រជាបលរដ្ឋក្នុងភូមិ និងបានកសាងដំបូងគេបង្អស់នៅឆ្នាំ១៨៨២ ដោយមូលហេតុថាប្រជាពលរដ្ឋ អ្នកកាន់សាសនាឥស្លាមទាំងអស់ ក្នុងភូមិនីមួយៗ គឺចាំបាច់ត្រូវតែមានម៉ាស្ជិទ (វិហារឥស្លាម) មួយ ដើម្បីងាយស្រួលប្រារព្ធពិធីផ្សេងៗ តាមបែបសាសនាឥស្លាម។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់ឆ្នាំ២០១៣ ពុំទាន់មានការសាងសង់នៅទីនោះឡើយ ។ ដោយគុណបំណាច់របស់រណៈសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា ដែលបច្ចុប្បន្ននេះ ប្តូរឈ្មោះមកជា រណៈសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរំដោះទឹកដីចេញពីរបបប្រល័យពូជសាសន៍ ព្រះពុទ្ធសាសនា ត្រូវ បាន ចាប់កំណើតជាថ្មីឡើងវិញ ក្នុងមាតុភូមិកម្ពុជា។
វិហារឥស្លាម ជាមៀកខទីជះ ពិនតីយូវ៉ែលីទ ត្រូវបានកសាងឡើងជាថ្មីនៅឆ្នាំ១៩៨៣ បានជួយឧបត្ថម្ភកសាងម៉ាស្ជិទ(វិហារ) អាល់សារ៉េហ្វ និង សប្បុរសជនជាច្រើនទៀតមាន៖ សមាគមម៉ាឡេស៊ី, ថ្នាក់ដឹកនាំកម្ពុជា, គណៈអ៊ីម៉ាំវិហារ និងសប្បុរសជនក្នុង និងក្រៅប្រទេស ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិឈើទាលតូច ឃុំពាមជីលាំងផ្ទាល់។
ប៉ុន្តែដោយវិហារនេះ មានភាពទ្រឌទ្រម គណៈអុីមាំវិហារឥស្លាមនេះ បានឯកភាពមតិគ្នា និងបានកសាងជាថ្មីម្ដងទៀត នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ និងបានសាងសង់ជារួចរាល់ជាស្ថាពរ នៅថ្ងៃទី០១ សីហា ឆ្នាំ២០២២។
សមិទ្ធផលទាំងអស់នេះ ជាការខិតខំប្រឹងប្រែងរបស់គណៈអ៊ីម៉ាំម៉ាស្និទ្ធ និងប្រជាជនឥស្លាមក្នុងភូមិ ឈើទាលតូច ឃុំពាមជីលាំង សប្បុរសជននានាក្នុង និងក្រៅប្រទេស ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់វិស័យឥស្លាមសាសនានាពេលសព្វថ្ងៃនេះ។
ការរីកចម្រើនរបស់វិហារឥស្លាម ជាមៀកខទីជះ ពិនតីយូវីលីទ និងប្រជាជនឥស្លាមក្នុងភូមិឈើទាលតូច ឃុំពាមជីលាំង ក៏ដូចជាទូទាំងប្រទេស ទាំងជីវភាព ទាំងប្រាជ្ញាស្មារតី ទាំងមនសិការស្នេហាជាតិ ព្រមទាំងទស្សនៈ ឆន្ទៈការពារជាតិ កសាងជាតិ មានដូចថ្ងៃនេះ គឺពិតជាបានដោយសារទិវា ២ធ្នូ ទិវា ៧មករា ១៩៧៩ សម្តេចអគ្គមហាទាំងបី ដែលជាវីរជនកំពូលជាតិ បានដឹកនាំគណបក្សប្រជាជនកម្ពុជា កសាង ប្រទេសជាតិ មាតុភូមិ និងប្រជាពលរដ្ឋឱ្យបានរីកចម្រើន រឹងមាំ ប្រកបដោយសេចក្តី សុខសាន្ដ ជាទីរីករាយ ថ្កុំថ្កើង និងមោទនភាព។
សមិទ្ធផលនានា ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះមាន វិហារឥស្លាម (ម៉ាស្ជិទ) ទំហំ ២១ម៉ែត្រ x ៣០ម៉ែត្រ សាលារៀន ទំហំ ៧ម៉ែត្រ x ១៨ម៉ែត្រ បង្គន់អនាម័យ ៣ បន្ទប់ ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ រោងម៉ូតូ ២ កន្លែង ទំហំ ៦ម៉ែត្រ x ២០ម៉ែត្រ អំពូលសូឡា ១៣ដើម សូទែនទឹកចំនួន ២ ចំណុះ ៣,០០០លីត្រ និងអណ្ដូងម៉ូទ័រចំនួន ២ ដែលចំណាយថវិកាសរុប ២៤,២១៤៧ដុល្លារអាមេរិក ៕